រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំជាមួយក្រុមបេសកកម្មគាំទ្រការអនុវត្តគម្រោង (ISM) ដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងការកំណត់គោលដៅសកម្មភាព សម្រាប់ជំងឺទឹកនោមផ្អែម និងជំងឺឡើងសម្ពាធឈាម នៃគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី ២ (H-EQIP 2)។
គោលបំណងកិច្ចប្រជុំ គឺដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាព នៃការត្រួតពិនិត្យរកជំងឺទឹកនោមផ្អែម និងជំងឺឡើងសម្ពាធឈាម ដោយផ្តោតលើ៖
- ការបង្ហាញផែនការសកម្មភាពជាក់លាក់ ដើម្បីបង្កើនការពិនិត្យស្រាវជ្រាវ រកជំងឺទឹកនោមផ្អែម និងជំងឺឡើងសម្ពាធឈាម នៅតាមមណ្ឌលសុខភាព ទូទាំងប្រទេស រួមទាំងបង្កើនការយល់ដឹង និងការផ្សព្វផ្សាយដល់សហគមន៍ និងកន្លែងបំពេញការងារ
- ការបង្ហាញវឌ្ឍនភាព នៃកម្មវិធីជំងឺមិនឆ្លង ក្នុងការត្រួតពិនិត្យរកជំងឺទឹកនោមផ្អែម និងជំងឺឡើងសម្ពាធឈាម
- ការបង្ហាញបញ្ហាប្រឈមសំខាន់ៗ ដែលជួបប្រទះក្នុងការអនុវត្តគម្រោង
ក្នុងឱកាសនេះ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង បានផ្តល់អនុសាសន៍សំខាន់ៗ ដើម្បីជំរុញ និងពន្លឿនការអនុវត្តការងារនេះ កាន់តែមានប្រសិទ្ធភាព ដើម្បីអាចឈានដល់គោលដៅដែលបានគ្រោងទុក។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីឯកឧត្តមអគ្គនាយកបច្ចេកទេសសុខាភិបាល លោកស្រីសាស្ត្រាចារ្យជំនួយ អគ្គនាយករងបច្ចេកទេសសុខាភិបាល លោកអនុប្រធាននាយកដ្ឋានការពារសុខភាព តំណាងធនាគារពិភពលោកប្រចាំកម្ពុជា និងក្រុមការងារពាក់ព័ន្ធ នៃគម្រោង H-EQIP 2។