ថ្ងៃអង្គារ ៨ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្នុងវគ្គចែករំលែកភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) សរុបចំនួន ៣៣៦៥ នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យ បានរំលឹកពីភាពចាំបាច់ របស់ថ្នាក់ដឹកនាំសុខាភិបាលទាំងអស់ ក្នុងការគ្រប់គ្រងការបម្រើសេវាសុខាភិបាល ទាំងសាធារណៈនិងឯកជន ឱ្យបានត្រឹមត្រូវ។ ក្រសួងសុខាភិបាល ជំរុញឱ្យអង្គភាពសុខាភិបាលទាំងអស់ អនុវត្តតាមគោលការណ៍ Local problems, local solutions by local people ក្នុងការឆ្លើយតបទៅនឹងបញ្ហាអសកម្ម ដែលអាចកើតមាន និងដើម្បីកែលម្អគុណភាពសេវាសុខាភិបាលបន្តឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តមសាស្ត្រាចារ្យ បានរំលេចពីយុទ្ធសាស្រ្តក្រសួងសុខាភិបាល ដែលមិនពឹងផ្អែកទៅលើបុគ្គលភាពម្នាក់ តែពឹងផ្អែកលើការចូលរួមពីបុគ្គលិកសុខាភិបាលគ្រប់ៗគ្នា (whole system approach) ដែលធ្វើឱ្យប្រពន្ធ័សុខាភិបាល កាន់តែរឹងមាំ។ នៅពេលប្រើប្រាស់យុទ្ធសាស្រ្តនេះ បុគ្គលិកសុខាភិបាលទាំងអស់ មិនអាចទុកឱ្យក្រុមការងាររបស់ខ្លួន ឬអង្គភាពណាមួយទន់ខ្សោយបានឡើយ។ ដូចនេះ ថ្នាក់ដឹកនាំគ្រប់ឋានុក្រម ត្រូវតែសកម្មក្នុងការចូលរួមទៅតាមមុខងារ និងភារកិច្ចឱ្យទទួលបានជោគជ័យទាំងអស់គ្នា។
ជាកិច្ចបន្ត ក្រុមការងារនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានលើកយកប្រធានបទនៃការពង្រឹងគុណភាពមន្ទីរពិសោធន៍ មកធ្វើបទបង្ហាញ ព្រមទាំងមានការសាកសួរ និងបកស្រាយយ៉ាងផុសផុល។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ បានធ្វើការសំយោគចំនួន ៤ ចំនុចសម្រាប់ជាគំនិតក្នុងការអភិវឌ្ឍមន្ទីរពិសោធន៍វេជ្ជសាស្រ្ត នៅកម្ពុជា៖ (១) ការបង្កើនសមត្ថភាពបុគ្គលិកមន្ទីរពិសោធន៍ ជាកត្តាចាំបាច់ដែលអង្គភាពត្រូវតែធានាឱ្យមានការបណ្តុះបណ្តាលបន្ត (២) រាល់ការសហការជាមួយដៃរគូរ ក្នុងការអភិវឌ្ឍមន្ទីរពិសោធន៍ ត្រូវឈរលើផលប្រយោជន៍សាធារណៈជាធំ (៣) អង្គភាពនីមួយៗ ត្រូវគិតគូពីស្វ័យភាពរបស់ខ្លួន ហើយត្រូវមានជំហរក្សាឱ្យបាននូវនិរន្តរភាពរបស់សេវា និង (៤) ការប្រើប្រាស់លទ្ធផលមន្ទីរពិសោធន៍ ត្រូវផ្សារភ្ជាប់នឹងជំនាញវេជ្ជសាស្រ្ត ទើបក្លាយជាប្រយោជន៍ធំដល់អ្នកជំងឺ។