ខេត្តកំពត ៖ ថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្រ្ជាបយេនឌ័រ នៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួមបើក វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសមភាពយេនឌ័រ និងបរិយាបន្នសង្គម សម្រាប់ក្រុមការងារបញ្ជ្រាបយេនឌ័រ ក្រោមគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី ២ (H-EQIP 2)។
វគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះមានគោលបំណងដូចខាងក្រោម៖
-ដើម្បីបង្កើនការយល់ដឹងពីទស្សនៈគន្លឹះ នៃសមភាពយេនឌ័រ និងបរិយាបន្នសង្គម (GESI)
-ដើម្បីផ្តល់ឱ្យអ្នកចូលរួមនូវចំណេះដឹង និងឧបករណ៍ នៃការបញ្ជ្រាបសមភាពយេនឌ័រ និងបរិយាបន្នសង្គម
-ដើម្បីអភិវឌ្ឍគ្រូបង្គោលសម្រាប់ការបណ្តុះបណ្តាល ស្តីពីសមភាពយេនឌ័រ និងបរិយាបន្នសង្គម។
ក្នុងឱកាសនេះដែរ លោកជំទាវវេជ្ជបណ្ឌិត ក៏បានរំលឹក សិក្ខាកាមទាំអស់ចូលរួមយ៉ាងសកម្ម និងអនុវត្តការសម្របសម្រួលមេរៀនប្រកបដោយអត្ថន័យ ដើម្បីក្លាយជាគ្រូបង្គោលសម្របសម្រួលបន្ត ទៅក្រុមការងាររបស់ខ្លួន និងក្រុមការងារបញ្ជ្រាបយេនឌ័រនៃក្រសួងសុខាភិបាល ថ្នាក់ក្រោមជាតិ។
គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ មានសិក្ខាកាមចូលរួមសរុបចំនួន ៣០រូប (ស្រ្តី ១៧រូប) ដែលជាតំណាងមកពីនាយកដ្ឋានផ្សេងៗ នៃក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ វិទ្យាស្ថានជាតិសុខភាពសាធារណៈ មន្ទីរពេទ្យជាតិ និងដៃគូពាក់ព័ន្ធ រួមមានទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគាពិភពលោក។