ខេត្តពោធិ៍សាត់៖ ចាប់ពីថ្ងៃទី២៩ កញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះគាំទ្របេសកកម្មអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា លើកទី៩ នៅតាមមន្ទីរពេទ្យបង្អែកស្រុកក្រគរ មណ្ឌលសុខភាព ក្រគរ សំរោង និង មេទឹក ព្រមទាំង ក្នុងសហគមន៍ រួមមាន សាលាឃុំសំរោង សាលាឃុំបឹងខ្នារ ភូមិព្រះម្លូ និងភូមិមេទឹក ដែលស្ថិតក្នុងខេត្តពោធិ៍សាត់។
ការចុះបេសកកម្មនេះ ក្នុងគោលបំណង ១) ពិនិត្យ និងតាមដានលើវឌ្ឍនភាពនៃការអនុវត្តគម្រោង និងកំណត់បញ្ហាដែលជួបប្រទះ កន្លងមក ដើម្បីកែលម្អការអនុវត្តគម្រោងកាន់តែប្រសើរឡើង ២) ស្វែងយល់អំពីការផ្តល់សេវាសុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ នៅតាមមូលដ្ឋានសុខាភិបាល ៣) ស្វែងយល់អំពីកិច្ចសហការគ្នារវាងមណ្ឌលសុខភាពជាមួយរដ្ឋបាលឃុំ ៤) ពិនិត្យមើល ឧបករណ៍ បរិក្ខា និងសម្ភារៈអប់រំ ផ្សព្វផ្សាយស្ដីពីអាហារូបត្ថម្ភ មាតា ទារក កុមារ និងមូលនិធិសមធម៌ ដែលបានចែកជូន សម្រាប់ប្រើប្រាស់ក្នុងមូលដ្ឋានសុខាភិបាល។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវនាយកគម្រោង ក៏បានដឹកនាំគណៈប្រតិភូ ចុះមើលព្រឹត្តិការណ៍សហមន៍ស្តីពីការរៀបចំបបរខាប់គ្រប់គ្រឿង នៅក្នុងភូមិព្រះម្លូ និងការផ្សព្វផ្សាយលើកកម្ពស់មូលនិធិសមធម៌សុខាភិបាល នៅភូមិមេទឹក រៀបចំដោយរដ្ឋបាលឃុំ សហការជាមួយមណ្ឌលសុខភាព ព្រមទាំងចុះមើលការផ្ដល់វគ្គបណ្ដុះបណ្ដាលស្ដីពីសុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភដល់ក្រុមទ្រទ្រង់សុខភាពភូមិ ពីសំណាក់មន្ត្រីការិយាល័យស្រុកប្រតិបត្តិសុខាភិបាលសហការជាមួយរដ្ឋបាលស្រុក។
សូមបញ្ជាក់ផងដែរថា ដំណើរទស្សនៈកិច្ចនេះ មានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម នី គឹមសាន អនុរដ្ឋលេខាធិកានៃក្រសួងមហាផ្ទៃ និងជាប្រធានអគ្គលេខាធិការដ្ឋាន គ.ជ.អ.ប. លោកស្រី ប៉ុក ណាឌី អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាង WB KFW GFF DFAT និងតំណាង ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ព្រមទាំងលោក លោកស្រីតំណាង មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ ក្រុមការងារក្រសួងសុខាភិបាល ក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប. ក្រុមការងាររដ្ឋបាល ស្រុក និងឃុំ ជាដើម។