រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគ្រប់គ្រង គម្រោងពង្រឹងប្រព័ន្ធអប់រំមុនបម្រើការការងារ (SPESHP) និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទជាតិ ស្តីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល ឆ្នាំ២០២៥ ក្រោមប្រធានបទ «អនុវត្តការអប់រំផ្អែកលើសមត្ថភាព ដើម្បីសេវាថែទាំសុខាភិបាលកាន់តែប្រសើរ» នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។
សន្និសីទរយៈពេល ២ថ្ងៃនេះ នៅថ្ងៃទី២ និងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ រៀបចំឡើង ដើម្បីផ្តល់ជូនអ្នកចូលរួមបានផ្លាស់ប្តូរចំណេះដឹងបទពិសោធន៍ ដែលមានការចូលរួមធ្វើបទបង្ហាញដោយវាគ្មិនជាតិអញ្ជើញមកពី នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងវាគ្មិនអន្តរជាតិអញ្ជើញមកពីប្រទេសអូស្រ្តាលី សឹង្ហបុរី ហ្វីលីពីន និងឥណ្ឌូនេស៊ី លើប្រធានបទដូចខាងក្រោម៖
១. ទិដ្ឋភាពទូទៅនៃការអប់រំក្នុងវិស័យសុខាភិបាល ដោយផ្តោតលើបច្ចុប្បន្នភាពនៃការអនុវត្តការអប់រំផ្នែកលើសមត្ថភាព (CBE)
២. វិធីសាស្ត្រនៃការបង្រៀន និងការរៀន សម្រាប់ការអប់រំផ្តោតលើសមត្ថភាពនាពេលបច្ចុប្បន្ន៖
- Flipped classroom
- ស្វ័យសិក្សា
- ក្រមសីលធម៌ សម្រាប់និស្សិតសិក្សាថ្នាក់វេជ្ជបណ្ឌិត
- ការអនុវត្តកម្មសិក្សាតាមរយៈប្រព័ន្ធគ្រប់គ្រង Clinical Portfolio
៣. ការទទួលស្គាល់គុណភាពសម្រាប់គ្រឹះស្ថានបណ្តុះបណ្តាល និងកម្មវិធីសិក្សាអប់រំក្នុងវិស័យសុខាភិបាល។
សូមបញ្ជាក់ផងដែរថា សន្និសីទនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ថ្នាក់ដឹកនាំ នាយកដ្ឋានចំណុះក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាលរាជធានីខេត្ត សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគទាំង៤ គ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលសាធារណៈ និងឯកជន គណៈវិជ្ជាជីវៈទាំង៥ សមាគមវិជ្ជាជីវៈសុខាភិបាល ដៃគូអភិវឌ្ឍន៍ ទីប្រឹក្សា និងបុគ្គលិក នៃគម្រោង SPESHP សរុបប្រមាណ ៣០០ នាក់។