ខេត្តព្រៃវែង៖ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ(ក.គ.ជ) បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងមហាសន្និបាតបូកសរុបសកម្មភាពការងារ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត(ក.គ.ខ) ព្រៃវែង អាណត្តិ៦ឆ្នាំ លើកទី៣ លើកទិសដៅអនុវត្តបន្ត និងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា សម្រាប់អាណត្តិទី៤ ដែលរៀបចំឡើងនៅមន្ទីរសុខាភិបាលខេត្តព្រៃវែង។
បន្ទាប់ពីរបាយការណ៍របស់ប្រធាន ក.គ.ខ អាណត្តិចាស់ ឯកឧត្តមបណ្ឌិត សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្ត បានមានមតិស្វាគមន៍ និងរាយការណ៍ពីស្ថានភាពសុខាភិបាលរបស់ខេត្តព្រៃវែង នាឆ្នាំ២០២៥ កន្លងមកទាំងសាធារណៈ និងសេវាឯកជន មានការរីកចម្រើនគួរឱ្យកត់សំគាល់។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា បានធ្វើការរំលឹកពីតួនាទីភារកិច្ចសំខាន់ៗ របស់គណៈគ្រូពេទ្យ ដែលត្រូវគ្រប់គ្រងគ្រូពេទ្យទាំងអស់អោយបានល្អប្រសើរប្រកបដោយគុណវុឌ្ឍ សមត្ថភាព និងសម្បទាវិជ្ជាជីវៈពេញលេញ ដើម្បីធានានិរន្តរភាព ភាពរីកចំរើនឡើងជាលំដាប់ប្រកបដោយកិត្តិយស និងការពេញចិត្តពីប្រជាពលរដ្ឋយើង។ រីឯគ្រូពេទ្យទាំងអស់ដែលបម្រើសេវាសុខាភិបាលទាំងសាធារណៈ និងឯកជនត្រូវតែចុះបញ្ជី និងមានអាជ្ញាបណ្ណដែលមានសុពលភាព ត្រូវស្វែងរកការបណ្តុះបណ្តាលបន្តចំណេះជំនាញថ្មីៗ អនុវត្តការងារដោយយកគោលការណ៍ក្រមសីលធម៌ជាសំខាន់ មានភាពស្មោះត្រង់នឹងវិជ្ជាជីវៈ មានទំនួលខុសត្រូវខ្ពស់ យល់ចិត្តនិងអាណិតអាសូរដល់អ្នកជំងឺទាំងអស់។
ការបោះឆ្នោតជ្រើសរើសសមាសភាពថ្មី នៃ ក.គ.ខ បានប្រព្រឹត្តទៅដោយរលូន មានសមាជិកពេញសិទ្ធិចំនួន ១៥រូប និងសមាជិកបំរុងចំនួន ១១រូប។ លោកវេជ្ជបណ្ឌិត ពេជ្រ បូឡា ដែលជាប់ជាប្រធានក្រុមប្រឹក្សាគណគ្រូពេទ្យខេត្តថ្មី បានឡើងធ្វើការប្តេជ្ញាចិត្តអនុវត្តតួនាទីនេះឱ្យបានល្អប្រសើរ។
ក្នុងមហាសន្និបាតនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការ ក.គ.ជ ឯកឧត្តមវេជ្ជបណ្ឌិត ជា គឹមលី ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានលេខាធិការដ្ឋាន ក.គ.ជ ឯកឧត្តមបណ្ឌិត សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង ក្រុមប្រឹក្សាគណៈគ្រូពេទ្យដែលផុតអាណត្តិ លោក លោកស្រីប្រធាន គណៈឱសថការី គណៈទន្តពេទ្យ គណៈគិលានុបដ្ឋាក គណៈឆ្មប និងសមាជិកគ្រូពេទ្យដែលមកពីគ្រប់ស្រុកប្រតិបត្តិទូទាំងខេត្ត សរុបចំនួន ២២០រូប។