ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ ក្រសួងសុខាភិបាល បានរៀបចំការចុះសួរសុខទុក្ខ និងជម្រាបជូនអំពីការថែទាំសុខភាពដល់ប្រជាពលរដ្ឋវ័យចាស់ ដែលរៀបចំនៅបរិវេណសាលាឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មាធិការជាតិដេីម្បីមនុស្សចាស់ ដើម្បីចូលរួមអនុវត្តគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតបានរំលឹកថា មនុស្សកាន់តែចូលវ័យចាស់ ភាពងាយរងគ្រោះផ្នែកសុខភាពក៏កាន់តែកើនឡើងដែរ។ ក្រៅពីជំងឺមួយចំនួន ដែលមនុស្សចាស់អាចទទួលរងដូចជា ជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង ជំងឺមហារីក ជំងឺផ្លូវដង្ហើមរ៉ាំរ៉ាំ កង្វះអាហារូបត្ថម្ភ និងជំងឺឆ្លងផ្សេងៗ ពួកគាត់ក៏ប្រឈមមុខផងដែរទៅនឹងការធ្លាក់ចុះនូវសមត្ថភាពមុខងារនៃសរីរាង្គដូចជា ធ្លាក់ចុះនូវសមត្ថភាពគំហើញ បាត់បង់សមត្ថភាពនៃការស្តាប់ ការធ្វើចលនាមានកម្រិតដោយសារកម្លាំងសាច់ដុំចុះខ្សោយ វិបត្តិសុខភាពផ្លូវចិត្ត ការកើនឡើងនូវការភ្លេចភ្លាំង និងវង្វេងស្មារតី បញ្ហាសុខភាពមាត់ធ្មេញ និងការប្រឈមទៅនឹងការដួលដែលងាយនឹងបង្កការបាក់ឆ្អឹង ជាដើម។
ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការបានបន្ថែមថា ឆ្លើយតបនឹងការថែទាំសុខភាពមនុស្សចាស់ ក្រសួងសុខាភិបាល បានរៀបចំឱ្យមាននូវគោលនយោបាយ និងយុទ្ធសាស្ត្រជាតិ ថែទាំសុខភាពមនុស្សចាស់ ឆ្នាំ២០១៦ បង្កើតជាគណៈកម្មការសុខភាពមនុស្សចាស់ និងក្រុមការងារបច្ចេកទេសសុខភាពមនុស្សចាស់ សម្រាប់ជាយន្តការក្នុងការអនុវត្តការងារ។ មិនតែប៉ុណ្ណោះ ក្រសួងក៏បានរៀបចំផែនការសកម្មភាពសុខភាពមនុស្សចាស់ សម្រាប់អនុវត្តរយៈពេល៥ឆ្នាំ និងបានដាក់បញ្ចូលទៅក្នុងផែនការសកម្មភាព នៃការអនុវត្តគោលនយោបាយជាតិ ដើម្បីមនុស្សចាស់ ឆ្នាំ២០១៧-២០៣០ របស់រាជរដ្ឋាភិបាល។
ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការ បានផ្តាំផ្ញើរការសួរសុខទុក្ខពីឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលតែងតែគិតគូរពីសុខទុក្ខ សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសមនុស្សមានវ័យចំណាស់ និងជូនពរអ៊ុ ពូ មីង មានសុខភាពល្អ ជន្មាយុយឺនយូរ មានសេចក្ដីសុខសុភមង្គល។