ខេត្តកំពង់ឆ្នាំង៖ ថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារគ្រូបង្គោលថ្នាក់ជាតិពង្រឹងសមត្ថភាពសង្គ្រោះបន្ទាន់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពីសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យ និងបុគ្គលិកដែលបម្រើការងារនៅផ្នែកសង្គ្រោះបន្ទាន់និងប្រព័ន្ធបញ្ជូននៅតាមមន្ទីរពេទ្យ និងដើម្បីបណ្ដុះបណ្ដាលបន្ត ពីវិធីសង្គ្រោះបឋម និងប្រព័ន្ធបញ្ជូន ទៅដល់បុគ្គលិកសុខាភិបាលដែលបម្រើការងារនៅតាមមណ្ឌលសុខភាព។
ជាមួយគ្នានេះផងដែរ ឯកឧត្តមវេជ្ជបណ្ឌិតរដ្ឋលេខាធិការ ក៏បានផ្តល់ជាអនុសាសន៍ណែនាំមួយចំនួន និងមានការចែករំលែកបទពិសោធន៍ពីក្រុមគ្រូបង្គោលថ្នាក់ជាតិ ដែលមកពីផ្នែកសង្រ្គោះបន្ទាន់ របស់មន្ទីរពេទ្យជាតិ ព្រមទាំបានផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ ក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលនេះត្រលប់ទៅបំពេញការងារនៅតាមមន្ទីរពេទ្យរបស់ខ្លួនវិញ ខិតខំយកចិត្តទុកដាក់បំពេញការងារឱ្យបានកាន់តែល្អប្រសើរជាងមុន និងធ្វើការចែករំលែកនូវចំណេះដឹងទាំងនេះទៅដល់គិលានុបដ្ឋាក និងគ្រូពេទ្យដែលបម្រើការងារនៅក្នុងមន្ទីរពេទ្យជាមួយគ្នា ក្នុងគោលបំណងជួយគ្នាក្នុងការបម្រើសេវាសង្គ្រោះបន្ទាន់នេះ ឱ្យកាន់តែមានប្រសិទ្ធភាព នៅក្នុងមន្ទីរពេទ្យរបស់ខ្លួន ជាពិសេសត្រូវបំពេញភារកិច្ចក្នុងនាមជាបុគ្គលិកសុខាភិបាល ដែលមានក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ដោយមានការធ្វើបទបង្ហាញទ្រឹស្ដីចំនួន៣ថ្ងៃ និងការចុះអនុវត្តផ្ទាល់នៅផ្នែកសង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូនរបស់មន្ទីរពេទ្យខេត្តចំនួន២ថ្ងៃ និងមានការអញ្ជើញចូលរួមពី នាយកដ្ឋានមន្ទីរពេទ្យ ឯកឧត្តមប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រធានមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ក្រុមគ្រូបង្គោលថ្នាក់ជាតិ ក្រុមសម្របសម្រួលពីការិយាល័យគិលានុបដ្ឋាក និងឆ្មប និងសិក្ខាកាមចូលរួមសរុប ៤៣រូប មកពីមន្ទីរពេទ្យបង្អែកខេត្ត និងស្រុក ក្នុងខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកែប និងខេត្តកំពង់ឆ្នាំង។