រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ទី០៦ ខែតុលា ឆ្នាំ២០២៥ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប (MPDSR) បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលសម្រាប់ថ្នាក់រាជធានី ខេត្តលើកទី២ ស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប។
ជាកិច្ចចាប់ផ្តើម លោកជំទាវសាស្រ្តាចារ្យ បានបង្ហាញពីសមិទ្ធផលសង្ខេបរបស់គណៈកម្មការថ្នាក់ជាតិ ពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបចំនួន៣ រួមមាន៖ (១) រាល់ករណីមរណភាពមាតាទារក ត្រូវបានកំណត់អត្តសញ្ញាណ ប្រមូលព័ត៌មាន ពិនិត្យរួមគ្នា ធ្វើផែនការឆ្លើយតប តាមដាន និងរាយការណ៍មកថ្នាក់ជាតិ និងក្រសួងសុខាភិបាល ដោយម៉ត់ចត់ (២) គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ ករណីមរណភាពមាតាចំនួន៣៦ ត្រូវបានរាយការណ៍ដែលមាននិន្នាការថយចុះបើប្រៀបធៀបនឹងឆ្នាំ២០២៤ (៣) កត្តាជោគជ័យនៃប្រព័ន្ធ MPDSR គឺពង្រឹងកិច្ចសហការណ៍ រវាងមន្ត្រីសុខាភិបាលទាំងអស់រួមមានផ្នែកសម្ភព ផ្នែកពោធនកម្មទារក ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកដាក់ថ្នាំសណ្តំ ក្រុមការងារកែលម្អរគុណភាពរបស់មន្ទីរពេទ្យ និងផ្នែកសុខភាពមាតាទារក របស់មន្ទីរសុខាភិបាល ដើម្បីរកឱ្យឃើញនូវមូលហេតុ និងធ្វើផែនការកែលម្អដើម្បីទប់ស្កាត់ករណីមរណភាពនាពេលខាងមុខ។
ដើម្បីសម្រេចបាននូវបេសកកម្ម និងគោលដៅរបស់ក្រសួងសុខាភិបាល ក្នុងការកាត់បន្ថយមរណភាពមាតា និងទារក លោកជំទាវសាស្ត្រាចារ្យ បានអំពាវនាវដល់មន្ទីរសុខាភិបាល និងមន្ទីរពេទ្យរាជធានី ខេត្តរបាយការណ៍ករណីមរណៈមាតា និងទារកឱ្យបានទាន់ពេលវេលាមកគណៈកម្មការ MPDSR ថ្នាក់ជាតិ ទាំងរបាយកាណ៍បឋម (៣ម៉ោងក្រោយរាយការណ៌ជូនក្រសួងសុខាភិបាល) របាយការណ៍វិភាគ ៧២ម៉ោង និងរបាយការណ៍ក្រោយ ៧ថ្ងៃ ព្រមទាំងព័ត៌មានបានពីការចុះប្រមូល ពីសហគមន៌ក្នុងការណីចាំបាច់។
វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយគណៈកម្មការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបថ្នាក់ជាតិ ដោយមានការឧបត្ថម្ភពីមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA និងរដ្ឋាភិបាលអូស្ត្រាលី ក្រោមការសម្របសម្រួលពីឯកឧត្តមសាស្ត្រាចារ្យ លោកជំទាវសាស្ត្រាចារ្យ លោក លោកស្រីជាគណៈកម្មការជាតិពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ដោយមានសិក្ខាកាមអញ្ជើញចូលរួមពីមន្ទីរពេទ្យខេត្តចំនួន ៥រួមមាន កំពង់ចាម កំពង់ធំ ក្រចេះ ស្វាយរៀង និងត្បូងឃ្មុំ សរុបចំនួន ៣៨រូប។