Cambodia
ព័ត៌មានលំអិត

Image
ក្រសួងសុខាភិបាល និងសម្ព័ន្ធវ៉ាក់សាំង Gavi នឹងបន្តសហការក្នុងការការពារជំងឺមហារីកមាត់ស្បូន តាមរយ:កម្មវិធីផ្តល់វ៉ាក់សាំងដល់ស្រ្តីកម្ពុជា
ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០២៥

នាព្រឹកថ្ងៃអង្គារ ១៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥  នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបលោកវេជ្ជបណ្ឌិត Sam Muller នាយកសម្ព័ន្ធវ៉ាក់សាំង Gavi ប្រចាំតំបន់អឺរ៉ុប តំបន់អាស៊ី និងតំបន់អាហ្វ្រិកខាងត្បូង និងជាប្រធានគណៈប្រតិភូ មកពីការិយាល័យកណ្តាលសម្ព័ន្ធវ៉ាក់សាំង Gavi នៅទីក្រុងហ្សឺណែវ និងក្រុមការងារ។

គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីរាយការណ៍ពីលទ្ធផល នៃការវាយតម្លៃរួមការងារផ្តល់ថ្នាំបង្ការ (Joint Appraisal) និងជម្រាបពីការសម្រេចរបស់ក្រុមប្រឹក្សាភិបាលសម្ព័ន្ធវ៉ាក់សាំង Gavi សម្រាប់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ ឆ្នាំ២០២៦-២០៣០។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍និងថ្លែងអំណរគុណ សម្ព័ន្ធវ៉ាក់សាំង Gavi ដែលបានសហការគាំទ្រ ក្រសួងសុខាភិបាលយ៉ាងជិតស្និទ្ធ តាមរយៈកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ផ្តល់ជំនួយឥតសំណងដល់កម្ពុជា ទាំងថវិកា និងបច្ចេកទេសក្នុងការផ្តល់ថ្នាំបង្ការ ដើម្បីបង្កើនអត្រាគ្របដណ្តប់វ៉ាក់សាំង ព្រមទាំងគាំទ្រសកម្មភាពបញ្ចូលវ៉ាក់សាំងថ្មីៗជាបន្តបន្ទាប់ស្របតាមផែនការយុទ្ធសាស្រ្តរយៈពេលវែងរបស់ក្រសួងសុខាភិបាលកម្ពុជា ។ 

លោកប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណ អំពីភាពជាអ្នកដឹកនាំរបស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងក្រុមការងារថ្នាក់ជាតិទទួលបន្ទុកកម្មវិធីវ៉ាក់សាំង ដោយសំដែងការកោតសរសើរពីសមិទ្ធផលនានាដែលកម្ពុជាសម្រេចបាន ព្រមទាំងពាំនាំការពន្យល់ពីភាពចាំបាច់ដែល Gavi និងប្រទេសជាដៃគូទទួលជំនួយទាំងអស់ ត្រូវសម្របខ្លួន តាមយុទ្ធសាស្ត្រ Gavi 6.0  ចាប់ពីឆ្នាំ ២០២៦ នេះតទៅ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់សម្ព័ន្ធវ៉ាក់សាំង Gavi តាមរយ:ការបង្ហាញនូវលទ្ធផល នៃការវាយតម្លៃរួមការងារផ្តល់ថ្នាំបង្ការ ជាពិសេសចំណុចដែលត្រូវខិតខំបន្ថែមទៀត លទ្ធផលនេះជាព័ត៌មានយ៉ាងសំខាន់ សម្រាប់ពង្រឹងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ និងរៀបចំកែសម្រួលយុទ្ធសាស្ត្រជាតិផ្តល់ថ្នាំបង្ការឱ្យស្របតាមយុទ្ធសាស្ត្រ Gavi 6.0 (2026-30) នាពេលខាងមុខនេះ។ ក្រសួងសុខាភិបាល នឹងបន្តយកចិត្តទុកដាក់សម្របសម្រួលជាមួយស្ថាប័ន ដៃគូរពាក់ព័ន្ធ ដើមី្បកុមារ និងស្ត្រីកម្ពុជាទទួលនូវអត្រាគ្រប់ដណ្តប់តាមគោលដៅ។ 

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យ សូមថ្លែងអំណរគុណសម្ព័ន្ធវ៉ាក់សាំង Gavi ដែលបានជម្រាបជូនពីការគាំទ្ររបស់ខ្លួន ស្របតាមផែនការយុទ្ធសាស្ត្រសុខាភិបាល រួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18