នាព្រឹកថ្ងៃអង្គារ ១៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបជាមួយប្រតិភូ អង្គការទីប្រឹក្សាសុខភាពសកល ផារ៉ូស (Pharos Global Health Advisors) ដែលដឹកនាំដោយ លោកសាស្ត្រាចារ្យ Robert Hecht, President of Pharos ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
គោលបំណងក្នុងជំនួបពិភាក្សានេះ៖
- បង្ហាញជូនពីទិន្នន័យដំបូង នៃការសិក្សា ពីផែនការថវិកា និងការចំណាយពីប្រភពផ្សេងៗ ជាពិសេសថវិកាហិរញ្ញប្បទានមូលនិធិសកល ដែលបានអនុវត្តសម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ និងរបេង។
-ប្រមូលធាតុចូល និងអនុសាសន៍សំខាន់ៗ ដើម្បីសិក្សាពីលទ្ធភាពផ្តល់កិច្ចសន្យាជូនស្ថាប័នឯកជន ឫអង្គការក្រៅរដ្ឋាភិបាល ក្នុងការអនុត្តការងារសម្រាប់កម្មវិធីអេដស៍ និងរបេង និងរៀបចំផែនការនិរន្តរ៍ភាព សម្រាប់កម្មវិធីអេដស៍ និងកម្មវិធីរបេង ។
- សុំការចូលរួម មតិយោបល់ ការណែរនាំ សំខាន់ៗ និងការសំរេចពីស្ថាប័នពាក់ព័ន្ធ និង ពិសេស ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ដេីម្បី ដាក់អនុវត្ត ។
លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍ស្វាគមន៍ជូនដល់ប្រតិភូ ទីប្រឹក្សារបស់អង្គការ Pharos Global Health ដែលបាន និងកំពុងបំពេញបេសកកម្មលើការរៀបចំផែនការនិរន្តរ៍ភាព សម្រាប់កម្មវិធីអេដស៍ និងកម្មវិធីរបេង។ លោកជំទាវបានជម្រាបជូនប្រតិភូផងដែរថា ទន្ទឹមនឹងអាទិភាពនៃកម្មវិធីជំងឺ ឆ្លងទាំងបី អេដស៍ របេង និងជំងឺគ្រុនចាញ់ ក្រសួងសុខាភិបាល មានផែនការយុទ្ធសាស្រ្ត និងគម្រោង សកម្មភាពអាទិភាពជាច្រើន ដែលបាន និងកំពុងអនុវត្ត ដូចជា ១) ផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា (UHC) ២) ក្រសួងសុខាភិបាលនឹងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនការយុទ្ធសាស្រ្តសុខាភិបាល ២០២៥-២០៣៤។
លោកជំទាវរដ្ឋលេខាធិការ បានបន្តថា ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណ ដល់មូលនិធិសកល ដែលបានផ្តល់ជាថវិកាជួយដល់កម្ពុជាកន្លងមក និងសង្ឈឹមថាមូលនិធិសកល នឹងនៅតែបន្តជួយសម្រាប់ផែនការសកម្មភាពអាទិភាពរបស់កម្មវិធីអេដស៍ និងរបេង ជាបន្តបន្ទាប់ទៀត។
ក្នុងជំនួបពិភាក្សានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជ. ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល ឯកឧត្តម ជិន វិសាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ លោកប្រធានមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ តំណាងមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន និងតំណាងគម្រោងមូលនិធិសកលនៃក្រសួងសុខាភិបាល (MOH-LIT) ។