សិក្ខាសាលាពិគ្រោះយោបល់ ដើម្បីរៀបចំគោលការណ៍ណែនាំសម្រាប់ការគ្រប់គ្រងសំណល់រាវវេជ្ជសាស្ត្រ
ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២៤
ថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគបានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់។ សិក្ខាសាលានេះរៀបចំដោយនាយកដ្ឋានមន្ទីរពេទ្យ និងសហការណ៍បច្ចេកទេសដោយ អង្គការសុខភាពពិភពលោក (WHO) អង្គការ UNICEF, ADB, KOICA, USAID EQHA II -FHI 360 មន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរពេទ្យខេត្តចំនួន៤ សិក្ខាសាលានេះឧបត្ថម្ភដោយអង្គការ UNICEF។
ឯកឧត្តមវេជ្ជបណ្ឌិត សុខ ស្រ៊ុន ប្រធាននាយកដ្ឋានមន្ទីរពេទ្យ បានបង្ហាញពីគោលបំណងនៃការរៀបចំគោលការណ៍នេះ ឡើងគឺដើម្បីឱ្យមូលដ្ឋានព្យាបាលនិងថែទាំសុខភាពសាធារណៈ និងឯកជន ត្រូវចេះគ្រប់គ្រងសំណល់រាវវេជ្ជសាស្ត្រឱ្យបានត្រឹមត្រូវ និងបន្សាបសំណល់រាវវេជ្ជសាស្ត្រជាមុនសិនមុនបញ្ចេញចោល។
ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា ប្រធានគណៈកម្មការ ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងក្នុងការរៀបចំគោលការណ៍ណែនាំនេះ ហើយឯកឧត្តមសាស្ត្រាចារ្យ បានផ្តាំផ្ញើរអង្គសិក្ខាសាលាឱ្យខិតខំពិភាក្សា សារក ធាតុចូលល្អៗដោយផ្អែកលើអំណះអំណាងរឹងមាំកំរិតស្តង់ដា ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ដើម្បីយកមកអនុវត្តឱ្យបានចេញជាគោលការណ៍ណែនាំសមស្របទៅនឹងបរិបទនៃប្រទេសកម្ពុជាយើង ហើយគោលការណ៍នេះ ត្រូវតែអាចអនុវត្តន៍បាន និងមានភាពច្បាស់លាស់ ។ ឯកឧត្តមសាស្ត្រាចារ្យបានលើកទឹកចិត្តចំពោះក្រុមការងារបច្ចេកទេសត្រូវខិតខំជម្រុញការងារនេះឱ្យមានប្រសិទ្ធភាព និងកំណត់ពេលវេលាច្បាស់លាស់ក្នុងការរៀបចំគោលការណ៍ណែនាំនេះ។
ជាកិច្ចបញ្ចប់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់អង្គការដៃគូរទាំងអស់ដែលបានខិតខំចូលរួមជួយគាំទ្រទាំងបច្ចេកទេស និងថវិកា និងសូមឱ្យបន្តជួយគាំទ្របន្តទៀតដល់ក្រសួងសុខាភិបាលក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលឱ្យកាន់តែរីកចំរើនប្រសើរឡើង។