រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្ដមវេជ្ជបណ្ឌិត សុខ ស៊្រុន ប្រធាននាយកដ្ឋានមន្ទីរពេទ្យ បានចូលរួមកិច្ចប្រជុំ «ច្រកចេញចូលតែមួយ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា» ដឹកនាំដោយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំគឺ ពិនិត្យ និងអនុម័តគម្រោងចំនួន៧ ដែលក្នុងនោះមានគម្រោងមួយទាក់ទងនឹងការស្នើសុំសាងសង់មន្ទីរពេទ្យខ្នាតអន្តរជាតិមួយ ដែលមានទុនវិនិយោគប្រមាណ ៧៥.៦៣៥.៦០៩,០២ ដុល្លារអាមេរិក។ នេះគឺជាការវិនិយោគដ៏ធំមួយពីសំណាក់វិនិយោគិនក្នុងស្រុក ទៅលើសុខភាពប្រជាជន ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅដើមឆ្នាំ២០២៩។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងអាជ្ញាធរដែនដីពាក់ព័ន្ធ និងលោក លោកស្រី ក្នុងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការវិនិយោគកម្ពុជាផងដែរ។