Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យវឌ្ឍនភាព និងជំរុញ គាំទ្រ ក្នុងការបង្កើនសមត្ថភាពការបម្រើសេវា នៅតាមមណ្ឌលសុខភាព ក្នុងខេត្តឧត្តរមានជ័យ
ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៥

ខេត្តឧត្តរមានជ័យ៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការ បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងស្ថានភាពបម្រើសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព ចំនួន១២ ក្នុងខេត្តឧត្តរមានជ័យ។

ការពិនិត្យនេះ ក្នុងគោលបំណងជួយពិនិត្យ និងគាំទ្រក្នុងការអនុវត្តការងារ និងលើកទឹកចិត្ត ដើម្បីជំរុញបង្កើនសមត្ថភាពការបម្រើសេវាសុខាភិបាល កាន់តែមានគុណភាព ប្រសិទ្ធភាពខ្ពស់ និងផ្ដល់នូវភាពកក់ក្ដៅជូនដល់បងប្អូនប្រជាពលរដ្ឋ។

បេសកកម្មនេះ ផ្តោតសំខាន់លើចំណុចមួយចំនួនដូចខាងក្រោម៖

១. ធានាការបម្រើសេវា និងប្រចាំការ ២៤ម៉ោង/៧ថ្ងៃ 

២. ការធ្វើបដិសណ្ឋារកិច្ច និងការបំពេញការងារដោយក្រមសីលធម៌វិជ្ជាជីវៈ

៣. អនាម័យ បរិស្ថាន ក្នុងនិងជុំវិញបរិវេណមណ្ឌលសុខភាព

៤. ការពង្រឹងសមត្ថភាពបច្ចេកទេសសុខាភិបាល និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា

៥. ការគ្រប់គ្រង និងការថែទាំឱសថ សម្ភារៈបរិក្ខារពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធនានា

៦. ការរៀបចំនិយាមលំហូរការទទួលពិនិត្យ និងព្យាបាលអ្នកជំងឺ (Triage)

៧. ការរៀបចំផែនការសកម្មភាព និងការតាមដានពិនិត្យវឌ្ឍនភាពការងារ

៨. ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ និងសេវាបញ្ចូនអ្នកជំងឺ

៩. ស្វែងយល់ពីឬសគល់នៃបញ្ហា និងរិះរកដំណោះស្រាយឱ្យចំគោលដៅ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមវេជ្ជបណ្ឌិត និងក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ព្រមទាំងថ្លែងអំណរគុណ ដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ ព្យាបាល ជូនប្រជាពលរដ្ឋដោយការទទួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ មានការសម្របសម្រួលពី ឯកឧត្តមវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តឧត្តរមានជ័យ  លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំរោង និងលោកប្រធានស្តីទីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិអន្លង់វែង ដោយបានចុះទៅមណ្ឌលសុខភាពចំនួន ១២ទីតាំង រួមមាន៖ (១)មណ្ឌលសុខភាព ត្រពាំងម្អមសែនជ័យ (២)មណ្ឌលសុខភាព បន្សាយរាក់ (៣)មណ្ឌលសុខភាព បុស្បូវ (៤)មណ្ឌលសុខភាព ដូនកែន (៥)មណ្ឌលសុខភាព ពង្រ (៦)មណ្ឌលសុខភាព ក្រសាំង (៧)មណ្ឌលសុខភាព ចុងកាល់ (៨)មណ្ឌលសុខភាព សំរោង (៩)មណ្ឌលសុខភាព កូនក្រៀល (១០)មណ្ឌលសុខភាព ស្រះកែវ (១១)មណ្ឌលសុខភាព គោកសំព័រ និង(១២)មណ្ឌលសុខភាព រំចេក។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12