រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប (MPDSR) បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលសម្រាប់ថ្នាក់ខេត្ត លើកទី២ ស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប។
តាមរយៈរបាយការណ៍នៃវគ្គបណ្តុះបណ្តាលនេះ បង្ហាញថាសិក្ខាកាមដែលអញ្ជើញមកពីមន្ទីរសុខាភិបាល និងមន្ទីរពេទ្យខេត្តទាំង៥ បានខិតខំ និងចូលរួមយ៉ាងសកម្ម រហូតទទួលបានលទ្ធផលល្អប្រសើរ គួរជាទីពេញចិត្ត។ ជាក់ស្តែងលទ្ធផលនៃការវាស់ស្ទង់សមត្ថភាពមុន និងក្រោយការសិក្សាបង្ហាញពីលទ្ធផលល្អពីពិន្ទុមធ្យម៧០% (មុនការសិក្សា) រហូតដល់ ៩៩% (ក្រោយការសិក្សា)។
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះ លោកជំទាវសាស្រ្តាចារ្យបានផ្តល់នូវអនុសាសន៍ ដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំមូលដ្ឋានសុខាភិបាល និងសិក្ខាកាម រួមមាន៖ (១) ត្រូវរៀបចំគណៈកម្មការMPDSR ថ្នាក់ខេត្ត និងថ្នាក់មន្ទីរពេទ្យស្រុក ដោយអនុលោមតាមពិធីសារជាតិ (២) ត្រូវរៀបចំផែនការបណ្តុះបណ្តាល ដែលបានបង្ហាញរួច ទៅអនុវត្តតាមផែនការ ដល់មន្រ្តីក្នុងមន្ទីរពេទ្យ និងមណ្ឌលសុខភាព (៣) ពង្រឹងការពិនិត្យរាល់ករណីមរណភាពមាតា និងទារក ដោយប្រើទម្រង់ទាំង៣ និងត្រូវផ្ញើរបាយការណ៍មកកាន់លេខាធិការដ្ឋាន ឲ្យទាន់ពេល (៤) ត្រូវមានកិច្ចសហការគ្នាឲ្យបានល្អរវាងផ្នែកពាក់ព័ន្ធ ដើម្បីវិភាគករណីនីមួយៗ បានគ្រប់ជ្រុងជ្រោយ (៥) គ្រូបង្គោលបណ្តុះបណ្តាលថ្នាក់ជាតិ ត្រូវបន្តបណ្តុះបណ្តាលដល់គណៈកម្មការថ្នាក់ខេត្ត និងជួយគាំទ្រ ដល់គ្រូបង្គោលថ្នាក់មន្ទីរពេទ្យជាតិ ក្នុងការបណ្តុះបណ្តាលដល់មន្ទីរពេទ្យខេត្ត សម័្ពន្ធមេត្រី។
វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយគណៈកម្មការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបថ្នាក់ជាតិ ដោយមានការឧបត្ថម្ភពីមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA និងរដ្ឋាភិបាលអូស្ត្រាលី ក្រោមការសម្របសម្រួលពីឯកឧត្តមសាស្ត្រាចារ្យ លោកជំទាវសាស្ត្រាចារ្យ លោក លោកស្រីជាគណៈកម្មការជាតិពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប ដែលមានសិក្ខាកាមអញ្ជើញចូលរួមពីមន្ទីរពេទ្យខេត្តចំនួន ៥រួមមាន កំពង់ចាម កំពង់ធំ ក្រចេះ ស្វាយរៀង និងត្បូងឃ្មុំ។