Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យស្ថានភាព និងការបម្រើសេវា នៅតាមមណ្ឌលសុខភាព ចំនួន១២ ក្នុងស្រុក ប្រតិបត្តិ ចំនួន៣ ក្នុងខេត្តកំពង់ចាម
ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៥

ខេត្តកំពង់ចាម៖ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសុខាភិបាល ដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យស្ថានភាព នៃការបម្រើសេវាពិនិត្យ និងថែទាំសុខភាព នៅមណ្ឌលសុខភាព ចំនួន ១២ ក្នុងស្រុកប្រតិបត្តិកងមាស ស្រុកប្រតិបត្តិកំពង់ចាមកំពង់សៀម និងស្រុកប្រតិបត្តិចំការលើ ខេត្តកំពង់ចាម ក្នុងជុំទី២។

បេសកកម្មលើកនេះ គឺដើម្បីជំរុញការធ្វើឱ្យប្រសើរឡើង នៃសេវាសុខាភិបាលគ្រប់ជ្រុងជ្រោយ ប្រកបដោយគុណភាព សមស្របតាមសំណុំសកម្មភាពអប្បបរមា  សម្រាប់អភិវឌ្ឍមណ្ឌលសុខភាព ពង្រឹងមណ្ឌលសុខភាព ក្នុងការបម្រើសេវាថែទាំ និងព្យាបាប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌។

ឯកឧត្តមសាស្ត្រាចារ្យអនុរដ្ឋលេខាធិការ និងក្រុមការងារ បានពិនិត្យគ្រប់ជ្រុងជ្រោយហេដ្ឋារចនាសម្ព័ន្ធមណ្ឌលសុខភាព បន្ទប់ឱសថ បន្ទប់ផ្តល់ថ្នាំបង្ការ បន្ទប់សម្រាល និងថែទាំក្រោយសម្រាល បន្ទប់ពិគ្រោះជំងឺ បន្ទប់ពិនិត្យផ្ទៃពោះ ពន្យាកំណើត វ៉ាក់សាំង និងបន្ទប់សង្គ្រោះបថម វះកាត់តូចនិងសម្ភារ:លាងរបួស ដោយសង្កេតឃើញជារួមគ្រប់មណ្ឌលសុខភាពទាំងអស់ មានបរិស្ថានស្រស់បំព្រង និងអនាម័យល្អ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យអនុរដ្ឋលេខាធិការ បានផ្តល់ជាគំនិតយោបល់ក្នុងភាពជាអ្នកដឹកនាំ និងបានណែនាំដល់មន្រ្តីសុខាភិបាល ប្រកាន់ភ្ជាប់នូវចំនុចសំខាន់ៗ ពាក់ព័ន្ធទៅនឹងការពង្រឹងសមត្ថភាពការងារ ឥរិយាបទវិជ្ជមាន រួសរាយរាក់ទាក់ ពិនិត្យស្ថានភាពជំងឺឱ្យបានម៉្មត់ចត់ និងពន្យល់អ្នកឱ្យបានក្បោះក្បាយ យកចិត្តទុកដាក់ថែទាំអ្នកជំងឺ ការប្រើប្រាស់ថ្នាំ និងរំលឹកការវិលត្រឡប់មកតាមដានតាមការណាត់ជួប នៅមណ្ឌលសុខភាពវិញ។

បច្ចុប្បន្ន គ្រប់មណ្ឌលសុខភាពទាំងអស់ កំពុងខិតខំបង្កើនសមត្ថភាព និងប្រសិទ្ធភាពក្នុងការត្រួតពិនិត្យ តាមដាន និងថែទាំអ្នកជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម សុខភាពមាត់ធ្មេញ និងសុខភាពផ្លូវចិត្តសង្គ្រោះបថម ដើម្បីធានាឱ្យបានសេវាថែទាំសុខភាពគ្រប់ជ្រុងជ្រោយ និងមានគុណភាពកាន់តែប្រសើរ និងកំពុងទទួលបាននូវការសាទរ ពីប្រជាពលរដ្ឋទូទាំងប្រទេស។

សូមបញ្ជាក់ថា បេសកកម្មនេះមានការសម្របសម្រួល និងអមដំណើរដោយ ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម លោកឱសថបណ្ឌិត ប៊ី បូរ៉ាឌី ប្រធានការិយាល័យនិយ័តកម្ម ប្រធាន អនុប្រធានការិយាល័យស្រុកប្រតិបត្តិសុខាភិបាល អភិបាលរងស្រុក មេឃុំ និងមេភូមិ ដោយចុះទៅមណ្ឌលសុខភាព ចំនួន១២ រួមមាន៖ (១)មណ្ឌលសុខភាព ព្រែកកុយ (២)មណ្ឌលសុខភាព រាយប៉ាយ (៣)មណ្ឌលសុខភាពគគរ (៤)មណ្ឌលសុខភាព កោះរកា (៥)មណ្ឌលសុខភាព ទ្រាន (៦)មណ្ឌលសុខភាព វិហារធំ (៧)មណ្ឌលសុខភាព អូរស្វាយ (៨)មណ្ឌលសុខភាព ស្រក (៩)មណ្ឌលសុខភាព ល្វាលើ (១០)មណ្ឌលសុខភាព តាប្រុក (១១)មណ្ឌលសុខភាព ចំការកៅស៊ូចំការអណ្តូង និង(១២)មណ្ឌលសុខភាព ចំការអណ្តូង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19