បន្ទាប់ពីបញ្ចប់ សន្និសីទប្រចាំឆ្នាំលើកទី២៩ របស់សមាគមសណ្តំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់កម្ពុជា និងលើកទី២២ របស់សមាគមគិលានុបដ្ឋាកឯកទេសសណ្តំ និងសង្គ្រោះបន្ទាន់កម្ពុជា ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខអ្នកជំងឺ និងក្រុមគ្រួសារ នៅមន្ទីរពេទ្យកាល់ម៉ែត។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះពិនិត្យនៅផ្នែកសេវាពិគ្រោះជំងឺក្រៅ ផ្នែកអ្នកជំងឺស្រាល និងផ្នែកសង្រ្គោះកម្រិតធ្ងន់។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានជួបសំណេះសំណាល សួរសុខទុក្ខបងប្អូន និងក្រុមគ្រួសារអ្នកជំងឺដែលមកទទួលសេវានៅមន្ទីរពេទ្យកាល់ម៉ែត ដោយផ្តោតសំខាន់ទៅលើគុណភាព នៃការបម្រើសេវានៅមន្ទីរពេទ្យ ព្រមទាំងបញ្ជាក់ពីការពេញចិត្ត និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើក្រុមគ្រូពេទ្យ ក្នុងការជួយពិនិត្យ ព្យាបាល និងជួយសង្គ្រោះអ្នកជំងឺ។
ជាការឆ្លើយតបបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានចូលមកទទួលសេវា នៅក្នុងមន្ទីរពេទ្យមានការពេញចិត្តជាខ្លាំង ចំពោះការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យ និងបុគ្គលិកនៅទីនោះ ព្រមទាំងមានការកោតសរសើរលើការរៀបចំក្នុងមន្ទីរពេទ្យ ជាពិសេសមានការបំពាក់នូវឧបករណ៍ទំនើប ដែលមានសមត្ថភាពខ្ពស់ក្នុងការជួយដល់គ្រូពេទ្យដើម្បី ព្យាបាល និងសង្រ្គោះអ្នកជំងឺ យ៉ាងមានប្រសិទ្ធភាព។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមគ្រូពេទ្យ ព្រមទាំងបុគ្គលិកទាំងអស់ ត្រូវខិតខំប្រឹងប្រែងបន្តបម្រើសេវាជូនអ្នកជំងឺ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ធ្វើរោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវ និងឆាប់រហ័យ ជាពិសេសការព្យាបាល និងជួយសង្គ្រោះអ្នកជំងឺប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងទាន់ពេលវេលា។
រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥