ខេត្តកំពត៖ ពីថ្ងៃទី៩ ដល់ទី១០ ខែតុលាឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យជំនួយ បុិច សុធី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះទៅពិនិត្យស្ថានភាពវឌ្ឍនភាព នៅតាមមណ្ឌលសុខភាព ក្នុងខេត្តកំពត។
ការចុះត្រួតពិនិត្យនេះ ដើម្បីជួយគាំទ្រ ជំរុញនិងលើកទឹកចិត្ត ក្នុងការពង្រឹងគុណភាពសេវាថែទាំ និងព្យាបាល នៅមណ្ឌលសុខភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌ ដោយផ្តោតសំខាន់លើ ៨ចំណុច៖
១. ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុង និងជុំវិញមណ្ឌលសុខភាព ព្រមទាំងអនាម័យ
២. ធនធានមនុស្ស
៣. ការគ្រប់គ្រងឱសថ វ៉ាក់សាំង និងការថែទាំសម្ភារបរិក្ខារពេទ្យ
៤. ការបំពេញការងារប្រចាំការ និងបម្រើសេវា ២៤ម៉ោង/ ២៤ម៉ោង ៧ថ្ងៃ/សប្តាហ៍
៥. ការលើកកម្ពស់គុណភាពសុវត្ថិភាពអ្នកជំងឺ សេវាបញ្ជូនអ្នកជំងឺ និងប្រព័ន្ធទំនាក់ទំនង
៦. សកម្មភាពផ្តល់សេវានិង ការធ្វើបដិសណ្ឋារកិច្ច
៧. ជំរុញមណ្ឌលសុខភាពឱ្យមានវិវត្តន៍ពីល្អមធ្យម ទៅល្អបង្គួរ និងឈានទៅល្អប្រសើរ
៨. ស្វែងយល់ការងារប្រឈម និងព័ត៌មានត្រឡប់របស់មន្ត្រីនៅមូលដ្ឋាន។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការក៏បានថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញការងារ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។
ក្នុងបេសកកម្មនេះ ក្រុមការងារបានជួបប្រជុំជាមួយ លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ឈូក និងស្រុកប្រតិបត្តិ អង្គរជ័យ
សូមបញ្ជាក់ផងដែរថា មណ្ឌលសុខភាពដែលចុះពិនិត្យរួមមាន៖ មណ្ឌលសុខភាពតានី មណ្ឌលសុខភាពអង្គភ្នំតូច មណ្ឌលសុខភាពនារាយណ៏ មណ្ឌលសុខភាពក្រាំងស្នាយ មណ្ឌលសុខភាពបឹងនិមល និងមណ្ឌលសុខភាពអង្គរមាស។