ខេត្តកំពង់ធំ៖ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យស្ថានភាព នៅមណ្ឌលសុខភាព ចំនួន១២ នៃការិយាល័យស្រុកប្រតិបត្តិកំពង់ធំ ក្នុងខេត្តកំពង់ធំ។
ការចុះត្រួតពិនិត្យនេះក្នុងដំណើរសិក្សាស្វែងយល់ គាំទ្រ ជំរុញលើកទឹកចិត្ត និងពង្រឹងសេវានៅតាម មណ្ឌលសុខភាព ក្នុងការថែទាំ និងព្យាបាល ដើម្បីកាន់តែប្រសើរឡើង គ្រប់ជ្រុងជ្រោយ ប្រកបដោយគុណភាព នៅមណ្ឌលសុខភាព និងសហគមន៍។
ឯកឧត្តមរដ្ឋលេខាធិការ បានសម្ដែងនូវការកោតសរសើរដ៏ស្មោះស្ម័គ្រ ចំពោះថ្នាក់ដឹកនាំមន្ទីរសុខាភិបាល មន្ត្រីគ្រប់ជាន់ថ្នាក់ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ នូវកិច្ចខិតខំប្រឹងប្រែង ដែលត្រូវបានធ្វើឡើងដើម្បីកែលម្អមុខងាររបស់មណ្ឌលសុខភាព ឱ្យទទួលបាននូវលទ្ធផលល្អគួរឱ្យកត់សំគាល់ និងបានជួយគាំទ្រ ជំរុញលើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាព ក្នុងការបម្រើសេវាថែទាំ និងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមរដ្ឋលេខាធិការក៏បានផ្ដល់ជាអនុសាសន៍ណែនាំ ជូនដល់ក្រុមការងារដូចខាងក្រោម៖
១) គិតគូរផែនការរួមបញ្ចូលគ្នារបស់មណ្ឌលសុខភាព និងការចូលរួមសហគមន៍
២) ពង្រាយធនធានមនុស្សវិស័យសុខាភិបាលដោយពង្រឹងសមត្ថភាពបុគ្គលិក និងការគ្រប់គ្រងធនធានមនុស្ស
៣) ពង្រឹងប្រព័ន្ធកត់ត្រានូវព័ត៌មានអ្នកមកប្រើប្រាស់សេវាឱ្យបានត្រឹមត្រូវ និងជាប់លាប់រួមទាំងបំពាក់សម្ភារបរិក្ខារពេទ្យបនែ្ថម និងការគ្រប់គ្រងឱសថ
៤) លទ្ធភាពគ្រប់គ្រងក្នុងការបម្រើសេវា ជូនប្រជាពលរដ្ឋ
៥) ផ្សព្វផ្សាយប្រព័ន្ធលេខទូរសព្ទទាន់ហេតុការណ៍ សម្រាប់មណ្ឌលសុខភាពនីមួយៗផ្ដល់ឱ្យបុគ្គលិកប្រើប្រាស់ប្រចាំការទៅតាមវេនយាម ២៤ម៉ោង និងត្រូវផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានដឹង
៦) ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺពិសេសមធ្យោបាយសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង
៧) ពង្រឹងការអនុវត្តសកម្មភាពមន្ត្រីមានបទពិសោធន៍ ចុះជួយបណ្តុះបណ្តាលដល់មណ្ឌលសុខភាព
៨) រៀបចំផែនការសកម្មភាព ដោយពិនិត្យទៅលើវឌ្ឍនភាពការងារ និង
៩) ជំរុញលើកកម្ពស់លើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបានសន្តិសុខ និងសុវត្ថិភាព។
ការចុះត្រួតពិនិត្យនេះ មានការចូលរួម និងសម្របសម្រួល ពីអនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ ប្រធានការិយាល័យស្រុកប្រតិបត្តិកំពង់ធំ អភិបាលរងស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និងមន្ត្រីពាក់ព័ន្ធ ដោយចុះទៅមណ្ឌលសុខភាព ចំនួន១២ រួមមាន៖ (១)មណ្ឌលសុខភាព ជ័យ (២)មណ្ឌលសុខភាពសាលាវិស័យ (៣)មណ្ឌលសុខភាពដំរីស្លាប់ (៤)មណ្ឌលសុខភាព ព្រៃប្រស់ (៥)មណ្ឌលសុខភាព គោកងួន (៦)មណ្ឌលសុខភាព កំពង់គោ (៧)មណ្ឌលសុខភាព ឈើទាល (៨)មណ្ឌលសុខភាពទំរីង (៩)មណ្ឌលសុខភាព សណ្តាន់ (១០)មណ្ឌលសុខភាព មានជ័យ (១១)មណ្ឌលសុខភាពតាំងក្រសៅ (១២)មណ្ឌលសុខភាព សំបូរ។