ខេត្តកំពង់ឆ្នាំង៖ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យការងារគ្រប់គ្រងឱសថនៅ និងការងារគ្រប់គ្រង មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង (CPA3) មន្ទីរពេទ្យបង្អែកស្រុក (CPA1) និងមណ្ឌលសុខភាព។
ការចុះត្រួតពិនិត្យនេះ ផ្តោតសំខាន់ទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖
១) ការងារគ្រប់គ្រងមណ្ឌលសុខភាពទាំងមូល
២) ការងារពង្រឹងគុណភាពបម្រើសេវាសុខាភិបាល
៣) ការរក្សាអនាម័យក្នុង និងបរិវេណជំវិញមណ្ឌលសុខភាព
៤) ស្វែងរកបញ្ហាឱ្យឃើញ និងដោះស្រាយឱ្យចំគោលដៅ
៥) ការងារគ្រប់គ្រងឱសថនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក (CPA1) និងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង (CPA3)។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងបានសម្តែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់មន្ត្រី បុគ្គលិក ដែលបានខិតខំបម្រើសេវាជូនប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ បានណែនាំបន្ថែម ដល់មន្រ្តីសុខាភិបាលទាំងអស់ត្រូវបន្តស្មារតីរួបរួមសាមគ្គីគ្នា ដើម្បីឱ្យបានល្អប្រសើរ និងគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន។
គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យ និងមណ្ឌលសុខភាព ដែលបានចុះពិនិត្យរួមមាន៖ ឃ្លាំងឱសថមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង (CPA3) ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច (CPA1) ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌ (CPA1) និងមណ្ឌលសុខភាពស្វាយ,លង្វែក, តាជេស, ព្រះកុសុមសីហនុ, ព្រៃខ្មែរ និងជ្រៃបាក់។