រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជេីញអម ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Sino Group និងក្រុមហ៊ុន YHS (Cambodia) ដឹកនាំដោយ លោក Na Wu Beng ប្រធានក្រុមប្រឹក្សាភិបាល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមផងដែរពីសំណាក់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
ជំនួបនារសៀលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាលើគម្រោងសិក្សាលទ្ធភាពក្នុងការរៀបចំបង្កើតគ្លីនិកចល័ត (Mobile Clinic) និងការផ្តល់ជំនួយអាហារូបត្ថម្ភដល់កុមារជាសិស្សានុសិស្សនៅតាមបណ្តាខេត្តនានា ដើម្បីចូលរួមចំណែកក្នុងសកម្មភាពទំនួលខុសត្រូវសង្គម (Corporate Social Responsibility - CSR) លើវិស័យសុខាភិបាល ក៏ដូចជាវិស័យអប់រំនៅកម្ពុជា ដែលជាការឆ្លើយតបទៅនឹងសំណើរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានលើកឡើងក្នុងជំនួបជាមួយ លោក Robert Ng ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Sino Group កាលពីថ្ងៃទី១១ ខែកញ្ញា កន្លងទៅ នៅទីក្រុងហុងកុង។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោង រៀបចំបង្កើតគ្លីនិកចល័ត និងការផ្តល់ជំនួយអាហារូបត្ថម្ភដល់កុមារ ព្រមទាំងបានបង្ហាញនូវសុឆន្ទៈយ៉ាងមុតមាំក្នុងការចូលរួមសហការផ្តល់កិច្ចសម្របសម្រួល ដើម្បីជំរុញគម្រោងនេះឱ្យប្រព្រឹត្តទៅបានដោយរលូន ដើម្បីបានជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលមានតម្រូវការជាចាំបាច់៕