នាព្រឹកថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅទីតាំងទី៣ ស.វ.ស លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាព នៃការសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលជាហិរញ្ញប្បទានឥណទានកម្ចីរបស់សាធារណរដ្ឋកូរ៉េ សម្រាប់ការសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅទីតាំងទី៣ ស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បន្ទាប់ពីអញ្ជើញចុះពិនិត្យជាក់ស្តែងការងារសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ និងស្តាប់នូវការរាយការណ៍វឌ្ឍនភាពនៃការងារសាងសង់ និងរបាយការណ៍របស់ក្រុមការងារ safe guard លោកជំទាវរដ្ឋលេខាធិការ បានកោតសរសើរចំពោះវឌ្ឍនភាពការងារសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ ដែលសម្រេចបានលទ្ធផលជាវិជ្ជមាន និង ទាន់ពេលវេលានៃកាលវិភាគការងារ។
ជាការវាយតម្លៃរួម របស់សំណង់ទាំងមូល លោកជំទាវ និង គណៈកម្មការគ្រប់គ្រងគម្រោង ទាំងអស់មានការពេញចិត្ត ជាមួយនឹងគុណភាពសំណង់ ក៏ដូចគ្រឿងបង្គំនានាដែលក្រុមហ៊ុនសាងសង់បានអនុវត្តទៅតាម កិច្ចសន្យា និង SOP ដែលបានកំណត់ក្នុង ការអនុវត្តគោលការណ៍គ្រឹះ នៃសុវត្ថិភាព សំណង់ ។
លោកជំទាវបានផ្តល់អនុសាសន៍ណែនាំបន្ថែម ជូនក្រុមហ៊ុនសាងសង់ ត្រូវបន្តការយកចិត្តទុកដាក់លើសុវត្ថិភាពក្នុងការបំពេញការងារ ការគ្រប់គ្រងសំណល់រឹង និងអនាម័យនៅកន្លែងរស់នៅរបស់កម្មករសាងសង់ ក៏ដូចជា បរិស្ថានជុំវិញការដ្ឋាន ជៀសវាងរងហានិភ័យ ដោយប្រការណាមួយ ជាយថាហេតុ។
កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយករងគម្រោង ឯកឧត្តម ជិន វិសាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស ក្រុមការងារក្រសួងសុខាភិបាល ក្រុមការងារសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្រុមការងារក្រុមហ៊ុនសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ និងក្រុមការងារក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ សរុបជិត២០រូប។