រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកនៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី «ការជំរុញការអនុវត្តយុទ្ធសាស្រ្ត បង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស ប្រកបដោយប្រសិទ្ធិភាព ដើម្បីកាត់បន្ថយចំណាកស្រុកដោយប្រថុយប្រថាន» រៀបចំឡើងដោយ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅទីស្តីការក្រសួងមហាផ្ទៃ។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងសិក្សាពី បញ្ហាប្រឈម ឬសគល់នៃបញ្ហា និងស្វែងរកដំណោះស្រាយ ដើម្បីឈានដល់ការដាក់ចេញនូវវិធានការនានា ក្នុងការបង្ការ ទប់ស្កាត់ អំពើជួញដូរមនុស្ស តាមរយៈការផ្លាស់ប្តូរការគិត និងឥរិយាបទដែលប្រកបដោយគ្រោះថ្នាក់។
គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ អភិបាល អភិបាលរង នៃគណៈអភិបាលរាជធានី ខេត្ត លោក លោកស្រី ជាមន្រ្តីជំនាញ ពីក្រសួង ស្ថាប័ន ពាក់ព័ន្ធ ព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ។