រាជធានីភ្នំពេញ៖ រសៀលថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគិរី រដ្ឋលេខាធិការ និងជានាយកគម្រោងដែលគាំទ្រដោយ ADB បានទទួលជួបលោកស្រី Ayako Inagaki ប្រធានជាន់ខ្ពស់ នៃការិយាល័យធនធានមនុស្ស និងការអភិវឌ្ឍសង្គម និងក្រុមការងារ ADB ដើម្បីពិនិត្យវឌ្ឍនភាពគម្រោង ដែលគាំទ្រដោយ ADB និងពិភាក្សាគម្រោងអាទិភាពមួយចំនួនសម្រាប់អភិវឌ្ឍវិស័យសុខាភិបាល។
ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ADB ដែលបានគាំទ្រការអភិវឌ្ឍវិស័យសុខាភិបាលចាប់តាំងពីឆ្នាំ១៩៩៦ មក តាមរយៈ គម្រោងជាច្រើនទាំងក្នុងក្របខ័ណ្ឌប្រទេស និងតំបន់ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល និងការកសាងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល។
ភាគីទាំងពីរបានពិនិត្យ និងផ្តល់យោបល់ លើវឌ្ឍនភាព និងបញ្ហាប្រឈម ដើម្បីពន្លឿនការអនុវត្តគម្រោងទប់ស្កាត់ បង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ និងគម្រោងសុខភាពតាមព្រំដែនក្នុងមហាអនុតំបន់មេគង្គ។
ជាការឆ្លើយតប លោកស្រី Ayako Inagaki បានអបអរសាទរដល់ ក្រសួងសុខាភិបាល ជាពិសេសក្រុមការងារគ្រប់គ្រងគម្រោង ដែលបានខិតខំអនុវត្តគម្រោងបានយ៉ាងមានប្រសិទ្ធភាព ទោះបីជាមានបញ្ហាប្រឈម មួយចំនួនក៏ដោយ។ លោកស្រីបានបញ្ជាក់ថា ADB នឹងពិនិត្យលទ្ធភាពបន្តការគាំទ្រក្រសួងសុខាភិបាល បន្ថែមទៀត ដើម្បីពង្រឹងភាពធន់ នៃប្រព័ន្ធសុខាភិបាលកម្ពុជា ស្របតាមផែនការយុទ្ធសាស្រ្តសុខាភិបាល។