Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល ណែនាំ «ក្មួយៗត្រូវខិតខំសិក្សារៀនសូត្រ ដោយនាំយកចំណេះជំនាញវិជ្ជាជីវៈ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ជាពិសេសមកបម្រើដល់ប្រទេសជាតិ»
ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដមសាស្រ្តាចារ្យ  ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតវេជ្ជបណ្ឌិតឯកទេសដែលត្រូវបន្តការសិក្សានៅសាធារណៈរដ្ឋបារាំងឆ្នាំសិក្សា ២០២៥-២០២៦។

ពិធីនេះរៀបចំឡើង នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្រោមវត្តមានចូលរួមពី លោកស្រី Marie Buscail ទីប្រឹក្សាទី១នៃស្ថានទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និស្សិតមហាវិទ្យាល័យវេជ្ជសាស្រ្ត និងនិស្សិតជ័យលាភីថ្នាក់វេជ្ជបណ្ឌិតឯកទេស សរុបប្រមាណ ៥០០នាក់។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានណែនាំដល់និស្សិតអាហារូបករណ៍ និងនិស្សិតកំពុងសិក្សាក្នុងជំនាញវិជ្ជាជីវៈរបស់ខ្លួន ខិតខំសិក្សាឱ្យស្មើនឹងតម្លៃនឹងកម្ពស់នៃឱកាសកាលានុវត្តភាពដែលក្មួយបានទទួល ដោយ៖ ១) នៅពេលយើងសិក្សា យើងនឹងទទួលបានចំណេះដឹង ដែលជាវិជ្ជាជីវៈមួយដែលល្អ ពិសេស និងមិនអាចខុស។ ហើយត្រូវចាំថាគ្រប់ឥរិយាបថរបស់យើង តំណាងឱ្យប្រទេសរបស់យើង ២) ត្រូវយកចំណេះជំនាញនេះ មកបម្រើសុខភាពប្រជាពលរដ្ឋកម្ពុជា កាន់តែប្រសើរឡើង ៣) ត្រូវយល់ដឹងបានល្អ ត្រូវចេះសង្កេតក្នុងកម្មសិក្សា ដោយអនុវត្ត ជាអត្ថប្រយោជន៍មួយ ពាំនាំនូវនៅចំណេះជំនាញ និងបច្ចេកវិទ្យាទំនើប ទាំងផ្នែកបច្ចេកទេស របៀបនៃការរៀបចំចាត់ចែងធ្វើការងារ និងក្រមសីលធម៌ វិន័យ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើនិស្សិតជ័យលាភី និងនិស្សិតដែលកំពុងសិក្សាជំនាញសុខាភិបាលនេះ ដូចខាងក្រោម៖

១) ត្រូវខិតខំសិក្សាស្រូបយកចំណេះដឹង ដោយកុំនៅតែក្នុងជំនាញរបស់ខ្លួនតែមួយមុខ ដោយសម្លឹងធ្វើយ៉ាងណាឱ្យមានចក្ខុវិស័យទូលាយ ដើម្បីជំនះបញ្ហាប្រឈមពាក់ព័ន្ធ។ 

២) ត្រូវខិតខំសិក្សាដោយរំពឹងទុកថានឹងទទួលបានការចាប់អារម្មណ៍ល្អ ដោយសារការខិតខំរបស់និស្សិតពីគ្រូបង្រៀននិងភាគីបារាំង

៣) និស្សិតជ័យលាភ នឹងមានភាពមមារញឹកខ្លាំងក្នុងអំឡុងពេលសិក្សាដ៏ខ្លី ការសិក្សាបានច្រើន និងសិក្សាបន្ថែមចំណេះដឹងលើភាសា វប្បធម៌ និងការអនុវត្ត ជាពិសេសរក្សាបាននូវភាពទំនាក់ទំនងជាប្រចាំរហូតក្រោយពេលសិក្សាជាមួយគ្រូបង្ហាត់ផ្ទាល់។

៤) ត្រូវខិតខំប្រឹងប្រែងសិក្សា និងសូមរក្សាការចងចាំ និងមានអនុស្សាវរីយ៍ល្អ សម្រាប់ការបំពេញវិជ្ជាជីវៈរបស់ខ្លួន។

៥) ត្រូវខិតខំប្រឹងប្រែងសិក្សា ធ្វើយ៉ាងណាឱ្យពោរពេញដោយភាពជោគជ័យ ក្នុងអំឡុងពេលសិក្សារបស់ខ្លួន។

៦) សូមក្មួយៗ ក្តីរំពឹងលើសមត្ថភាព ខិតខំឱ្យស្មើនឹងតម្លៃ កម្ពស់នៃកាលានុវត្តភាពដោយរបស់និស្សិតនីមួយៗ ទទួលបានចំណេះដឹង ក្នុងជំនាញ ដោយយកចំណេះជំនាញនេះ មកបម្រើសុខភាពប្រជាពលរដ្ឋកម្ពុជា កាន់តែប្រសើរឡើង។ 

ជាទីបញ្ចប់ ឯកឧត្ដមសាស្រ្តាចារ្យ បានវាយតម្លៃខ្ពស់ និងកោតសរសើរសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលបានខិតខំពង្រឹងគុណភាពបណ្តុះបណ្តាលនិស្សិត។ ឯកឧត្ដមសាស្រ្តាចារ្យបានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលបារាំង ដែលបាន និងកំពុងបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសគឺការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ 

ថ្លែងក្នុងឱកាសនោះ លោកស្រី Marie Buscail ទីប្រឹក្សាទី១ នៃស្ថានទូតបារាំង បានរំលេចកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជា ជាកិច្ចសហប្រតិបត្តិការបន្តមកតាំងពីយូរលង់ណាស់មកហើយ។ លោកស្រីបានកំណត់សំគាល់ប្រទេសកម្ពុជា គឺជាប្រទេសលេខរៀងទី១ ក្នុងពិភពលោកដែលបញ្ជូននិស្សិតវេជ្ជបណ្ឌិតឯកទេសច្រើនជាងគេ ទៅបន្តកម្មសិក្សានៅប្រទេសបារាំង។

គួរជម្រាបជូនថា បច្ចុប្បន្ននេះ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានដំណើរការថ្នាក់បណ្តុះបណ្តាល វេជ្ជបណ្ឌិតឯកទេសសរុបចំនួន ២១ និងនៅឆ្នាំសិក្សា ២០២៤-២០២៥នេះ មាននិស្សិតកំពុងសិក្សាវេជ្ជបណ្ឌិតឯកទេស សរុបទាំង ២១ ឯកទេស មានចំនួន ៩៥០ នាក់។ ចាប់ពីឆ្នាំ១៩៩៦ មកដល់ឆ្នាំ២០២៤ តាមរយៈកិច្ចសហប្រតិបត្តិការជាយូរលង់ ជាមួយដៃគូបារាំង ដោយមានការគាំទ្រពីស្ថានទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា, សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានបញ្ជូននិស្សិត ១ ១៦១ នាក់ ទៅបន្តការសិក្សា ឬធ្វើកម្មសិក្សានៅប្រទេសបារាំង។ ឆ្នាំ២០២៥នេះ មាននិស្សិត ថ្នាក់វេជ្ជបណ្ឌិតឯកទេស សរុបចំនួន ៨៤ នាក់ បានទទួលអាហារូបករណ៍ទៅបន្តការសិក្សា នៅប្រទេសបារាំង៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29