ទីស្តីការក្រសួងពាណិជ្ជកម្ម៖ ថ្ងៃសុក្រ ១០រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល អមដោយមន្រ្តីជំនាញ នៃ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ចចម្រុះ កម្ពុជា-តួកគីយ៉េ លើកទី៤ ក្រោមអធិបតីភាព លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបជាង ៥០នាក់។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា-តួកគីយ៉េ កាលពីកិច្ចប្រជុំលើកទី៣ និងពិនិត្យសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ចចម្រុះ លើកទី៤ រវាងកម្ពុជា-តួកគីយ៉េ។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំលើកទី៤ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-តួកគីយ៉េ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរដ្ឋធានីអង់ការ៉ាសាធារណរដ្ឋតួកគីយ៉េ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងរៀងរាល់ ២ឆ្នាំម្តង ដែលកិច្ចប្រជុំលើកទី៣ ត្រូវបានប្រព្រឹត្តិទៅកាលពីថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។