កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តី និងតំណាងក្រសួងស្ថាប័ន ពាក់ព័ន្ធ ឯកឧត្តមអភិបាល អភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងសមាជិក សមាជិកា នៃលេខាធិការដ្ឋាន នៃ គ.វ.រ. នៅសាលាភូមិន្ទរដ្ឋបាល រសៀលថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥។
អនុក្រឹត្យនេះ រៀបចំឡើងក្នុងគោលបំណងសម្រាប់មន្រ្តីបម្រើការងារនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលត្រូវប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការជ្រើសរើសមន្រ្តីសម្រាប់បំពេញការងារក្នុងមុខតំណែងវិជ្ជាជីវៈសុខាភិបាល ការរៀបចំលក្ខខ័ណ្ឌការងារ ឬកិច្ចព្រមព្រៀងការងារ ការអភិវឌ្ឍសមត្ថភាព ការវិវិត្តអាជីព និងការរៀបចំផែនការធនធានមនុស្សស្របតាមគោលការណ៍ បែបបទ និងនីតិវិធីជាធរមាន។
ការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈសុខាភិបាល នឹងក្លាយជាមូលដ្ឋានយ៉ាងសំខាន់ក្នុងការ ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស និងផែនការធនធានមនុស្សតាមវិស័យ ជាពិសេសជំរុញប្រសិទ្ធភាពនៃការជ្រើសរើស ការតែងតាំង និងការពង្រាយមន្ត្រីតាមវិស័យ ស្របតាមអភិក្រមរបស់ សម្ដេចធិបតី “រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ”។
ទន្ទឹមនេះ ការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈ នឹងកំណត់បានយ៉ាងច្បាស់ពីតម្រូវការ និងគុណវុឌ្ឍិមន្ត្រីសម្រាប់បំពេញការងារក្នុងអង្គភាពដែលធ្វើឱ្យការជ្រើសរើសមន្ត្រីទៅកាន់មុខតំណែងស្របតាមតម្រូវការជាក់ស្ដែងនៃមុខតំណែងតាមវិស័យ ហើយមន្ត្រីក៏បានយល់ច្បាស់ពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ក៏ដូចជាការបង្កើនសមត្ថភាពជំនាញឱ្យឆ្លើយតបទៅនឹងមុខតំណែង និងការអភិវឌ្ឍអាជីពក្នុងវិស័យរបស់ខ្លួន។