Cambodia
ព័ត៌មានលំអិត

Image
ការចុះអភិបាលគាំទ្រ ពង្រឹងបន្ថែមផ្នែកសង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូន និងពិនិត្យវឌ្ឍនភាព នៅមន្ទីរពេទ្យក្នុងខេត្តព្រៃវែង
ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២៥

ខេត្តព្រៃវែង៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារគ្រូបង្គោលថ្នាក់ជាតិ ពង្រឹងសមត្ថភាពសង្គ្រោះបន្ទាន់ បានដឹកនាំក្រុមការងារចុះអភិបាលគាំទ្រ ពង្រឹងសមត្ថភាពបន្ថែម ផ្នែកសង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូន និងពិនិត្យវឌ្ឍនភាព នៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង និងមន្ទីរពេទ្យបង្អែកកំពង់ត្របែក ក្នុងខេត្តព្រៃវែង។

នៅក្នុងដំណើរចុះអភិបាលគាំទ្រនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពិនិត្យមើលទីតាំងជួសជុលកែលម្អផ្នែកសង្គ្រោះបន្ទាន់ និងបន្ទប់វះកាត់ របស់មន្ទីរពេទ្យបង្អែកកំពង់ត្របែក ដែលជាគម្រោងកែលម្អមន្ទីរពេទ្យទាំង៦១ របស់រាជរដ្ឋាភិបាល ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដោយគិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ការជួសជុលកែលម្អមន្ទីរពេទ្យបង្អែកកំពង់ត្របែកបានសម្រេចលទ្ធផលប្រមាណ៦០% ហើយ តាមការគ្រោងទុកនឹងរួចរាល់នៅមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

ជាមួយគ្នានេះដែរ ក្រុមការងារបានសង្កេតឃើញថា មន្ទីរពេទ្យបង្អែកខេត្តព្រៃវែងក៏ដូចជាមន្ទីរពេទ្យបង្អែកកំពង់ត្របែក បានរៀបចំការបម្រើសេវា តាមសំណុំសកម្មភាពបង្គ្រប់ជាសារវ័នរបស់មន្ទីរពេទ្យ និងបានខិតខំកែលម្អជាបណ្ដើរៗ នូវចំណុចខ្វះខាត តាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំ។


ការចុះពិនិត្យនេះមានការអញ្ជើញចូលរួមពីនាយកដ្ឋានមន្ទីរពេទ្យ លោកអនុប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង លោកប្រធានរដ្ឋបាលនៃមន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង និងមន្ទីរពេទ្យបង្អែកកំពង់ត្របែក និងក្រុមគ្រូពេទ្យឯកទេសផ្នែកសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8