ខេត្តព្រៃវែង ៖ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នំា២០២៥ ឯកឧត្តមសាស្ត្រាចារ្យរង ហេង សុទ្ធី អនុរដ្ឋលេខាធិការ បានដឹកនាំក្រុមគ្រូបង្គោលថ្នាក់ជាតិ ចុះអភិបាលក្រោយបណ្តុះបណ្តាលសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងសុវត្ថិភាពប្រព័ន្ធបញ្ជូនអ្នកជំងឺនៅមន្ទីរពេទ្យបង្អែកអ្នកលឿង និងមន្ទីរពេទ្យបង្អែកមេសាង ខេត្តព្រៃវែង។
បន្ទាប់ពីការបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់មន្ទីរពេទ្យរួមមក ជំហ៊ានបន្ទាប់ ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពការបណ្តុះបណ្តាលសេវាសង្គ្រោះបឋម សង្រ្គោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រពន័្ធបញ្ជូនអ្នកជំងឺ ដែលបានសិក្សារួចនៅដំណាក់កាលទី១ រួមមាន៖
១. ពង្រឹងការបណ្តុះបណ្តាលបន្ត ដល់វេជ្ជបណ្ឌិតផ្នែកសង្គ្រោះបន្ទាន់ និងក្រុមការងាររថយន្តគិលានសង្រ្គោះ ដែលមានការបង្ហាញជាទ្រឹស្តីសំខាន់ខ្លីៗ និងការអនុវត្តផ្ទាល់នៅនឹងគ្រែអ្នកជំងឺតែម្តង
២. ធ្វើឱ្យមានភាពបំណិន នូវការប្រើប្រាស់ សម្ភារៈ ឧបករណ៍ បរិក្ខារ នៃផ្នែកសង្គ្រោះបន្ទាន់ និងផ្នែករថយន្តគិលានសង្រ្គោះ
៣. ការគ្រប់គ្រង ត្រួតពិនិត្យ ថែទាំ លើសម្ភារៈបរិក្ខារពេទ្យ និងឱសថ ដោយផ្ទៀងផ្ទាត់ជាប្រចាំ និងឱ្យបានត្រឹមត្រូវ
៤. បង្កើនទំនាក់ទំនងប្រព័ន្ធបញ្ជូនជំងឺ រវាងមន្ទីរពេទ្យថ្នាក់ជាតិ មន្ទីរពេទ្យថ្នាក់ខេត្ត និងស្រុក ដើម្បីទទួលព័ត៌មានទាន់ពេលវេលា។
ឯកឧត្តមសាស្ត្រាចារ្យ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាល
គ្រប់លំដាប់ថ្នាក់ ក្នុងការលើកកម្ពស់ និងធ្វើឱ្យមានវឌ្ឍនភាពផ្នែកសង្រ្គោះបន្ទាន់ និងសុវត្ថិភាព ជូនអ្នកជំងឺ តាមបណ្តាមន្ទីរពេទ្យបង្អែក។