Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំគណៈកម្មការជាតិគ្រប់គ្រង ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ
ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ រសៀលថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ បានដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិគ្រប់គ្រង ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ ក្នុងឆមាសទី២ លើកទី២ ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ស្រ៊ុន ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានមន្ទីរពេទ្យ បានបង្ហាញពីសារបាន នៃការអនុវត្តការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ ក្នុងពេលកន្លងមក។ បន្តមក លោកសាស្ត្រាចារ្យជំនួយ កុយ វីរីយ៉ា បានរាយការណ៍ពីលទ្ធផល ដែលសម្រេចបានក្នុងឆមាសទី១ និងផែនការសកម្មភាពក្នុងឆ្នាំ២០២៦។ លទ្ធផលដែលសម្រេចបានក្នុងឆ្នាំកន្លងមករួមមាន៖ 1) ការប្ដេជ្ញាចិត្តផ្នែកនយោបាយ និងគោលនយោបាយ 2) កម្មវិធី IPC សកម្ម  3) ការរួមបញ្ចូល និងការសម្របសម្រួលកម្មវិធី IPC 4) ចំណេះដឹងអំពី IPC ក្នុងចំណោមបុគ្គលិកសុខាភិបាល និងបុគ្គលិកថែទាំ 5) ទិន្នន័យសម្រាប់អនុវត្តសកម្មភាព 6) ការតស៊ូមតិ និងការទំនាក់ទំនង 7) ការស្រាវជ្រាវ និងការអភិវឌ្ឍ 8) កិច្ចសហការ និងការគាំទ្រពីភាគីពាក់ព័ន្ធ។

ក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍ជូនដល់គណៈកម្មការ IPC សូមផ្សព្វផ្សាយទៅមូលដ្ឋានសុខាភិបាល ឱ្យមានមន្ត្រីបង្គោលការងារ IPC ដែលអនុវត្តតែការងារ IPC នៅក្នុងមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន និងបង្កើតវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះ ស្តីពីការបង្ការ និងការត្រួតពិនិត្យការចម្លងរោគក្នុងមន្ទីរពេទ្យកម្រិត CPA1 និងមណ្ឌលសុខភាព ព្រមទាំងបង្តើត TOR សម្រាប់មន្ត្រីបង្គោល IPC ផងដែរ។

កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ នៃក្រសួងសុខាភិបាល មន្ទីរពេទ្យជាតិ មជ្ឍមណ្ឌលជាតិ សរុបចំនួន ២៧រូប។

Image 1
Image 2
Image 3
Image 4
Image 5