សិក្ខាសាលាស្ដីពី ការសរសេរសៀវភៅគុណភាព និងនីតិប្រតិបត្តិស្តង់ដា ផ្នែកមន្ទីរពិសោធន៍វេជ្ជសាស្ត្រ
ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤
ខេត្តកំពង់ចាម៖ នាថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្ដីពី ការសរសេរសៀវភៅគុណភាព និងនីតិប្រតិបត្តិស្តង់ដា ផ្នែកមន្ទីរពិសោធន៍វេជ្ជសាស្ត្រ។
សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព ក្នុងការផ្តល់សេវាសាធារណៈ។ ដើម្បីពង្រឹងគុណភាពសេវាព្យាបាលមានគុណភាពចាំបាច់មន្ទីរពិសោធន៍ ត្រូវមាន និងរៀបចំសៀវភៅណែនាំគុណភាព ដែលជាឯកសារមូលដ្ឋាន កំណត់ប្រព័ន្ធគ្រប់គ្រងរបស់មន្ទីរពិសោធន៍ រួមបញ្ចូលគោលការណ៍សម្រាប់ធានាគុណភាព និងការត្រួតពិនិត្យជាប្រចាំ ដើម្បីបង្កើនប្រសិទ្ធភាពការងារ។ នីតិប្រតិបត្តិស្តង់ដា គឺជាមូលដ្ឋានគ្រឹះនៃការប្រតិបត្តិក្នុងមន្ទីរពិសោធន៍ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំជាតិ និងអន្តរជាតិ ISO 15189។
អង្គសិក្ខាសាលាមានការចូលរួមពីលោកវេជ្ជបណ្ឌិត សេង សុផារុន អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត កំពង់ចាម លោកស្រី សំ សុភាព ប្រធានការិយាល័យសេវាមន្ទីរពិសោធន៍វេជ្ជសាស្ត្រ នៃនាយកដ្ឋានមន្ទីរពេទ្យ និងសិក្ខាកាមប្រមាណ ៤៦នាក់។