រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការសុខភាព សិក្សាក្រសួង សុខាភិបាល បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំស្តីពី វឌ្ឍនភាពនៃកិច្ចការសុខភាពសិក្សា នៃក្រសួងសុខាភិបាល ក្នុងឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត ។
គោលបំណងនៃកិច្ចប្រជុំនេះមានដូចជា៖
- ពិនិត្យវឌ្ឍនភាព នៃការអនុវត្តកិច្ចការសុខភាពសិក្សា នៃក្រសួងសុខាភិបាល ក្នុងឆមាសទី១ ឆ្នាំ២០២៥ នៅតាមមជ្ឈមណ្ឌលជាតិ នាយកដ្ឋាន និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត
- ទិសដៅអនុវត្តបន្ត ក្នុងជំរុញការអនុវត្តការងារសុខភាពសិក្សា ដើម្បីឆ្លើយតបតាមគោលនយោបាយយុទ្ធសាស្ត្រ នៃរាជរដ្ឋាភិបាល និងគោលនយោបាយជាតិ ស្តីពីសុខភាពសិក្សា ឆ្នាំ២០២១-២០៣០។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យប្រធាន បានបញ្ជាក់ថា សុខភាពសិក្សា គឺជាការងារស្នូល របស់ក្រសួងសុខាភិបាល ដែលត្រូវយកចិត្តទុកដាក់រៀបចំពង្រឹង ការងារអោយសកម្ម និងពិនិត្យលើការអនុវត្តន៍ ឱ្យបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធ អនុប្រធាននាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា លោកស្រីសាស្ត្រាចារ្យជំនួយ ស៊ុយ សុវណ្ណធីតា អគ្គនាយករងបច្ចេកទេសសុខាភិបាល លោក លោកស្រី ប្រធាន អនុប្រធាន ដែលអញ្ជើញមកពីគ្រប់ មជ្ឈមណ្ឌលជាតិ និងនាយកដ្ឋាន នៃក្រុមការងារសុខភាពសិក្សា នៃក្រសួងសុខាភិបាល រួមទាំងក្រុមការងារពាក់ព័ន្ធថ្នាក់មន្ទីរសុខាភិបាល នៃរដ្ឋបាល រាជធានី ខេត្ត បានចូលរួមតាមប្រព័ន្ធ Zoom ផងដែរ។