Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យវឌ្ឍនភាព និងពង្រឹងគុណភាពនៃការបម្រើសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព ចំនួន៤ ក្នុងខេត្តបាត់ដំបង
ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២៥

ខេត្តបាត់ដំបង៖ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែ តុលា ឆ្នាំ ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យមើលវឌ្ឍនភាព និងពង្រឹងគុណភាព នៃការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាព ចំនួន៥ ក្នុងខេត្តបាត់ដំបង។

បេសកកម្មនេះ គឺដើម្បីជួយជំរុញការធ្វើឱ្យប្រសើរឡើងនូវការបម្រើសេវា និងគុណភាពសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព និងក្នុងសហគមន៍ ស្របតាមសេចក្តីណែនាំស្តីពីសំណុំសកម្មភាពអប្បបរមា សម្រាប់អភិវឌ្ឍន៍មណ្ឌលសុខភាព (MPA Guidelines) និងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម ( PHC-BIF) របស់ក្រសួងសុខាភិបាល ។ 

ឆ្លៀតឱកាសនេះ ឯកឧត្តមវេជ្ជបណ្ឌិតអនុរដ្ឋលេខាធិការ បានថ្លែងការកោតសរសើរដល់ឯកឧត្តមប្រធានមន្ទីរ មន្ត្រី និងបុគ្គលិកមណ្ឌលសុខភាពទាំងអស់ ដែលយកចិត្តទុកដាក់ និងខិតខំបម្រើសេវាថែទាំសុខភាព ជូនប្រជាជននៅក្នុងតំបន់។

គួរកត់សំគាល់ថា បន្ទាប់ពីបញ្ចប់ការពិនិត្យមើលការងារ និងកិច្ចសន្ទនាជាមួយមន្ត្រីតំណាងមណ្ឌលសុខភាពនីមួយៗ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានផ្តល់ព័ត៌មាន និងអនុសាសន៍ត្រឡប់ ជូនដល់មន្រ្តី បុគ្គលិកមណ្ឌលសុខភាពទាំង៥ ក្នុងការបង្កើនការយកចិត្តទុកដាក់លើសេវាថែទាំសុខភាព នៃជំងឺទូទៅ សេវាសុខភាពមាតា និងទារក សេវាជំងឺមិនឆ្លង និងជំងឺឆ្លង ការរក្សាអនាម័យល្អ ព្រមទាំងការយកចិត្តទុកដាក់លើគុណភាពសេវា និងធានាអោយបាននូវការយាមប្រចាំការ ២៤ ម៉ោង/២៤ ម៉ោង ។

សូមបញ្ជាក់ថា មណ្ឌលសុខភាពទាំង ៥  ដែលបានចុះរួមមាន៖ មណ្ឌលសុខភាពអន្លង់វិល មណ្ឌលសុខភាពតាលាស់ មណ្ឌលសុខភាពអូរម៉ាល់ មណ្ឌលសុខភាពវត្តគរ និងមណ្ឌលសុខភាពព្រៃស្វាយ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6