ខេត្តកំពង់ធំ៖ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែតុលាឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការ បានអញ្ជើញចុះអភិបាលគាំទ្រ ក្រោយបណ្តុះបណ្តាល ផ្នែកសង្គ្រោះបន្ទាន់ នៅតាមមន្ទីរពេទ្យបង្អែក និងចុះពិនិត្យស្ថានភាព នៅមណ្ឌលសុខភាព ក្នុងខេត្តកំពង់ធំ។
បេសកកម្មនេះ ដើម្បីពិនិត្យអំពីលំហូរ សេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងពិនិត្យនីតិវិធីស្តង់ដា នៃប្រព័ន្ធបញ្ជូនអ្នកជំងឺ រួមមាន៖
១-ពិនិត្យប្រព័ន្ធបញ្ជូនអ្នកជំងឺ សង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ ដើម្បីធានាបាន នូវភាពឆាប់រហ័ស និងប្រសិទ្ធភាព
២-ការត្រួតពិនិត្យនីតិវិធីសុវត្ថិភាពបញ្ជូន
៣-ការពិនិត្យសម្ភារៈ បរិក្ខារ រថយន្តសង្គ្រោះបន្ទាន់និង ចុះពិនិត្យអាគារសង្រោះមន្ទាន់ មន្ទីរពេទ្យ ដើម្បីធានាបានថាអាចដំណើការបានប្រកបដោយប្រសិទ្ធភាព
៤-ពង្រឹងសមត្ថភាពបច្ចេកទេសក្រោយការបណ្តុះបណ្តាល
៥-ពិភាក្សាស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយ។
ក្នុងដំណើរចុះអភិបាលគាំទ្រនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានអនុវត្តការត្រួតពិនិត្យមើលការងារជួសជុលកែលម្អរចនាសម្ព័ន្ធ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកប្រពោធនកម្ម និងបន្ទប់វះកាត់ នៃមន្ទីរពេទ្យបង្អែកបារាយសន្ទុក និងមន្ទីរពេទ្យបង្អែកស្ទោង ដែលជាគម្រោងកែលម្អមន្ទីរពេទ្យទាំង៦១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដែលបច្ចុប្បន្នកំពុងមមាញឹកក្នុងការងារសាងសង់ សម្រេចបានប្រមាណជាង ៤០% គ្រោងបញ្ចប់ក្នុងចុងឆ្នាំ2025 នេះ។
ឯកឧត្តមសាស្រ្តាចារ្យ អនុរដ្ឋលេខាធិការ បានណែនាំអំពីការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពង្រឹងវិធីនៃការបញ្ជូន និងសេវាសង្គ្រោះបន្ទាន់ ដើម្បីពង្រឹងវិស័យសេវាសុខាភិបាលឱ្យកាន់តែមានគុណភាព។
ឆ្លៀតក្នុងក្នុងដំណើរ បេសកកម្មនេះ ឯកឧត្តមសាស្រ្តាចារ្យ អនុរដ្ឋលេខាធិការ និងក្រុមការងារបានចុះពិនិត្យស្ថានភាព នៅតាមមណ្ឌលសុខភាព ចំនួន ២ ស្ថិតត្នុងការិយាល័យសុខាភិបាលស្រុកស្ទោង។ ក្រុមការងារសង្កេតឃើញថាថ្នាក់ដឹកនាំសុខាភិបាល និងថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន រួមទាំងមន្រ្តីសុខាភិបាល គ្រប់ជាន់ថ្នាក់មានការយកចិត្តទុក្ខដាក់ខ្ពស់ រួមទាំង មានឆន្ទៈក្នុងការចូលរួមកែលម្អការ ផ្ដល់សេវាជូនប្រជាពលរដ្ឋគ្រប់ទីកន្លែង។
សូមបញ្ជាក់ថា បេសកកម្មនេះ ក៏មានការចូលរួមពី ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ធំ ប្រធានអនុប្រធានការិយាល័យសុខាភិបាល ស្រុកប្រត្តិបត្តិ គ្រូបង្គោលមកពីមន្ទីរពេទ្យព្រះអង្គដួង ដោយចុះទៅមន្ទីរពេទ្យបង្អែកបារាយសន្ទុក មន្ទីរពេទ្យបង្អែកកំពង់ធំ មន្ទីរពេទ្យបង្អែកស្ទោង មណ្ឌលសុខភាពចំណាក្រោម និងមណ្ឌលសុខភាពចំណាលើ។