Cambodia
ព័ត៌មានលំអិត

Image
«ចំពោះមុខការខិតខំប្រឹងប្រែងស្វែងយល់ និងដោះស្រាយបញ្ហាប្រឈមនៃសុខភាពសាកល សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាធ្លុងមួយ ត្រូវតែនាំយើងទៅដល់មាគ៌ានៃការរីកចម្រើនសម្រេចគោលដៅអាទិភាពសុខាភិបាលទាំងឡាយរបស់យើង» ថ្លែងក្នុងបទអន្តរាគមន៍ ក្នុងសម័យកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំលើកទី៧៦របស់អង្គការសុខភាពពិភពលោកប្រចាំតំន់ប៉ាស៊ីហ្វិកខាងលិច។
ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២៥

រដ្ឋធានីណាឌី សាធារណរដ្ឋហ្វីជី៖ នាថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព. ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្នុងនាមក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញធ្វើបទអន្តរាគមន៍ ក្នុងសម័យកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំលើកទី៧៦ របស់អង្គការសុខភាពពិភពលោកប្រចាំតំន់ប៉ាស៊ីហ្វិកខាងលិច។ 

ក្នុងបទអន្តរាគមន៍ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសរំលេចនូវចំណុចគន្លឹះដ៏មានសារៈសំខាន់ ដែលជាអាទិភាពសុខាភិបាល និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាការប្រយុទ្ធនឹងជំងឺមិនឆ្លង ការអភិវឌ្ឍមូលធនមនុស្ស សន្តិសុខសុខភាព បញ្ហាសុខាភាពបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ រួមចំណែកពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាល ប្រកបដោយនិរន្តរភាព និងនវានុវត្តន៍ តាមរយ:ការអនុវត្តយុទ្ធសាស្រ្តសុខាភិបាលសម្រាប់ប្រទេសរវាងកម្ពុជា-WHO 2024-2028 ស្របតាមផែនការយុទ្ធសាស្ត្រ សុខាភិបាលជាតិ ២០២៥–២០៣៤ ដើម្បីលើកកម្ពស់សុខភាពប្រជាជន ក្នុងការឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល។   

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានមានប្រសាសន៍បន្ថែមថា កម្ពុជាបានបន្តធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាល តាមរយៈការធ្វើនវានុវត្តន៍ឌីជីថលសុខាភិបាល ក្នុងការគ្រប់គ្រងជំងឺរ៉ាំរ៉ៃ បញ្ហាសុខភាពផ្លូវចិត្ត ការត្រួតពិនិត្យផលិតផលថ្នាំជក់ និងផលិតផលគ្រឿងស្រវឹង តាមរយៈធ្វើការរួមគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ សាមគ្គីភាព សមភាព នៃការទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីសុខុមាលភាពប្រជាជនកម្ពុជា និងតំបន់ ព្រមទាំងពិភពលោក ពោលគឺគ្មានប្រជាជនណាម្នាក់ត្រូវបានទុកចោលដោយមិនបានទទួលសេវាថែទាំសុខភាព។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានគូសបញ្ជាក់ម្តងទៀត អំពីសារសំខាន់នៃការចូលរួមរបស់រដ្ឋជាសមាជិកទាំងអស់ កិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការធានាសន្តិភាព ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងភាពថ្លៃថ្នូរបស់ប្រជាជន ដើម្បីកសាងតំបន់របស់យើងប្រកបដោយភាពធន និងការរីកចម្រើនប្រកបដោយចីរភាព។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11