Cambodia
ព័ត៌មានលំអិត

Image
ជំនួបពិភាក្សាជាមួយគណៈប្រតិភូ នៃវិទ្យាស្ថានប៉ាស្ទ័រប៉ារីស អំពីកិច្ចសហប្រតិបត្តិការបន្ត ក្នុងវិស័យសុខាភិបាល
ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយគណៈប្រតិភូ នៃវិទ្យាស្ថានប៉ាស្ទ័រប៉ារីស ដែលដឹកនាំដោយលោកស្រីសាស្ត្រាចារ្យ Yasmine BELKAID អគ្គនាយកវិទ្យាស្ថានប៉ាស្ទ័រប៉ារីស ចូលជួបសម្តែងការគួរសម និងពិភាក្សា អំពីកិច្ចសហប្រតិបត្តិការសម្រាប់ពេលអនាគតរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

ក្នុងនាមឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី លោកជំទាវរដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងជម្រាបជូនអំពី កិច្ចសហប្រតិបត្តិការសំខាន់ៗក្នុងវិស័យសុខាភិបាល រវាងក្រសួងសុភិបាល និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាកន្លងមក ព្រមទាំងបានថ្លែងអំណរគុណដល់ការគាំទ្រដោយឥតងាករេ របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩។ 

ការពិភាក្សា បានផ្តោតលើការពង្រឹងភាពជាដៃគូដែលមានស្រាប់ និងពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការបន្ថែមទៀតដូចជា ការស្រាវជ្រាវជំងឺឆ្លង ការកសាងសមត្ថភាពមន្ទីរពិសោធន៍ទាំងនៅថ្នាក់ខេត្ត និងថ្នាក់ជាតិ ការបណ្តុះបណ្តាលអ្នកជំនាញមន្ទីរពិសោធន៍ និងអ្នកជំនាញស្រាវជ្រាវជំងឺ។

លោកស្រីសាស្ត្រាចារ្យ Yasmine BELKAID អគ្គនាយកវិទ្យាស្ថានប៉ាស្ទ័រប៉ារីស បានវាយតម្លៃខ្ពស់នូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល ដែលតែងតែសម្របសម្រួលការងារ ការផ្លាស់ប្តូរព័ត៌មាន របាយការណ៍ និងការដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ នៃក្រុមប្រឹក្សាភិបាលវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ 

ក្នុងនាមវិទ្យាស្ថានប៉ាស្ទ័រប៉ារីស លោកស្រីបានបញ្ជាក់ជូន នូវការប្តេជ្ញាចិត្តរបស់វិទ្យាស្ថានប៉ាស្ទ័រប៉ារីស ក្នុងការចូលរួមគាំទ្រគំនិតផ្តួចផ្តើមផ្នែកសុខាភិបាលនៅកម្ពុជា និងបន្តធ្វើការជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា  និងក្រសួងសុខាភិបាល ឆ្លើយតបបានទៅនឹងតម្រូវការនៃសុខភាពសាធារណៈរបស់កម្ពុជា។ ភាគីទាំងពីរ បានទទួលស្គាល់ពីសារៈសំខាន់នៃការបន្តការផ្លាស់ប្តូរបទពិសោធន៍ របកគំហើញវិទ្យាសាស្ត្រ និងគម្រោងកិច្ចសហប្រតិបត្តិការនានា ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសុខភាពជាសកល។

ក្នុងជំនួបពិភាក្សានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការ ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង លោកឱសថការី ហ៊ុន ហួង អគ្គនាយករងបច្ចេកទេសសុខាភិបាល លោកស្រីប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងតំណាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10