ពិធីបិទសិក្ខាសាលា ស្តីពីការពិនិត្យលើសមិទ្ធផលឆ្នាំ២០២៤ និងការរៀបចំផែនការប្រតិបត្តិសម្រាប់កម្មវិធីបង្ការ ថែទាំ ព្យាបាលជំងឺអេដស៍ និងជំងឺកាមរោគ ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៥
ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤
ខេត្តសៀមរាប៖ នារសៀលថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទអង្គសិក្ខាសាលា ស្តីពីការពិនិត្យលើសមិទ្ធផលឆ្នាំ២០២៤ និងការរៀបចំផែនការប្រតិបត្តិសម្រាប់កម្មវិធីបង្ការ ថែទាំ ព្យាបាលជំងឺអេដស៍ និងជំងឺកាមរោគ ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៥ ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមមកពី ឯកឧត្តម ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តំណាងកម្មវិធីជាតិ (NCHADS CENAT NMCHC) តំណាងការិយាល័យទទួលជំនួយមូលនិធិសកល (MoH-LIT) នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង តំណាងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត អ្នកទទួលខុសត្រូវការងារកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ និងកាមរោគថ្នាក់រាជធានី-ខេត្ត និងអង្គការដៃគូអភិវឌ្ឍន៍រួមមាន៖ WHO, USAID, US-CDC, CRS, AHF, FHI360/EpiC Project, KHANA, RHAC ព្រមទាំងភាគីពាក់ព័ន្ធ សរុបចំនួន ១៥៦រូប។
ក្នុងឱកាសសំណេះសំណាល និងបិទអង្គសិក្ខាសាលានេះ លោកជំទាវរដ្ឋលេខាធិការ បានផ្តល់ជាអនុសាសន៍ដល់អង្គសិក្ខាសាលាទាំងមូល សម្រាប់ការអនុវត្តកម្មវិធីបង្ការ ថែទាំ ព្យាបាលជំងឺអេដស៍ និងជំងឺកាមរោគក្នុងវិស័យសុខាភិបាល ក្នុងក្របខណ្ឌទូទាំងប្រទេស ដូចខាងក្រោម៖
ទី១- បន្តពង្រឹង និងពង្រីកការផ្តល់សេវាបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ និងកាមរោគ ព្រមទាំងសេវាព្រឹប សេវាធ្វើតេស្តរកមេរោគអេដស៍ (ការលេបបង្ការមុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍) នៅតាមមូលដ្ឋានសុខាភិបាលនៅគ្រប់កម្រិត ប្រកបដោយគុណភាព សមភាព ប្រកាន់ខ្ជាប់ក្រមសីធម៌ ជាពិសេសដោយគ្មានការរើសអើស និងផ្តល់សេវាមេត្រីភាព ជូនក្រុមប្រជាជនចំណុចគ្រប់រូប
ទី២- ពង្រឹងគុណភាពបន្តនៃការថែទាំ និងព្យាបាលជំងឺអេដស៍ លើកកម្ពស់ការលេបថ្នាំឱ្យបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់ កាត់បន្ថយអត្រាបោះបង់សេវា ដើម្បីឱ្យអ្នកជំងឺអេដស៍ទទួលបានលទ្ធផលបន្ទុកមេរោគអេដស៍ក្នុងឈាម មិនអាចរកឃើញ និងមិនចម្លងមេរោគអេដស៍ (ម = ម)
ទី៣- ពង្រឹងគុណភាពនៃការផ្តល់សេវាថែទាំ និងព្យាបាលជំងឺកាមរោគ នៅតាមមូលដ្ឋានសុខាភិបាល ទាំងការធ្វើរោគវិនិច្ឆ័យ និងធានាឱ្យមានឱសថគ្រប់គ្រាន់ក្នុងការព្យាបាល
ទី៤- បន្តផ្តល់ប័ណ្ណសមធម៌ជូនអ្នកផ្ទុកមេរោគអេដស៍ទាំងអស់ ដែលមកទទួលសេវាព្យាបាលទាំង ៧៤កន្លែង នៅទូទាំងប្រទេស ដើម្បីធានាឱ្យបានទទួលសេវាថែទាំព្យាបាលតាមតម្រូវការដូចជា ជំងឺមិនឆ្លង ជំងឺសុខភាពផ្លូវចិត្ត ជំងឺមហារីក សម្រាកពេទ្យ ដោយគ្មានរបាំងហិរញ្ញវត្ថុ ស្របតាមផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ ។
ទី៥- ស្វែងរកយន្តការសហការជាមួយសេវាឯកជន ដែលផ្តល់សេវាបង្ការ និងព្យាបាលជំងឺអេដស៍ ដើម្បីធានាគុណភាពសេវា និងផ្តល់ការព្យាបាលស្របតាមគោលការណ៍ណែនាំជាតិ និងក្តាប់បាននូវរបាយការណ៍។