Cambodia
ព័ត៌មានលំអិត

Image
វគ្គបណ្តុះបណ្តាលស្តីពី ការស្រាវជ្រាវមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប សម្រាប់ថ្នាក់ខេត្ត
ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ លោកជំទាវសាស្ត្រាចារ្យ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប(MPDSR) បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល សម្រាប់ថ្នាក់រាជធានី ខេត្តលើកទី៣ ស្តីពីការពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប សម្រាប់ខេត្តចំនួន៥។

លោកជំទាវសាស្រ្តាចារ្យ បានបង្ហាញជាសង្ខេបអំពីសមទ្ធិផល របស់គណៈកម្មការថ្នាក់ជាតិ ពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ចំនួន៣ គឺ៖ ១) រាល់ករណីមរណភាពមាតាទារកក្នុងឆ្មាំ២០២៥ (មរណភាពមាតា ចំនួន៣៨ និងទារកចំនួន៧៣) ត្រូវបានកំណត់អត្តសញ្ញាណប្រមូលព័ត៌មាន ពិនិត្យរួមគ្នា ធ្វើផែនការឆ្លើយតប តាមដាន និងរាយការណ៍មកថ្នាក់ជាតិ និងក្រសួងសុខាភិបាលដោយម៉ត់ចត់ ២) គិតត្រឹមខែតុលា ឆ្នាំ២០២៥ ករណីមរណភាពមាតា ចំនួន៣៨ ត្រូវបានរាយការណ៍ ដែលមាននិន្នាការថយចុះបើប្រៀបធៀបក្នុងឆ្នាំ២០២៤ ៣) កត្តាជោគជ័យនៃប្រព័ន្ធMPDSR រួមមាន គណនេយ្យភាព (Accountability) ការទុកចិត្ត ឬការមិនស្តីបន្ទោសគ្នា (No Blame Culture) និងកិច្ចសហការណ៍រវាងបុគ្គលិកសុខាភិបាលទាំងអស់ ដែលពាក់ព័ន្ធ (ផ្នែកសម្ភព ផ្នែកប្រពោធនកម្មទារក ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកថ្នាំសណ្តំ ផ្នែកកែលម្អរគុណភាព របស់មន្ទីរពេទ្យ និងផ្នែកសុខភាពមាតាទារករបស់មន្ទីរសុខាភិបាល)។

លោកជំទាវបានក្រើនរំលឹក ដល់សិក្ខាកាមទាំងអស់ក្នុងវគ្គបណ្តុះបណ្តាលនេះ អំពីគោលបំណងអភិវឌ្ឍន៍សមត្ថភាពរបស់គណៈកម្មការ MPDSR ថ្នាក់ខេត្តទាំង៥ ស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ដើម្បីពន្លឿនការកាត់បន្ថយអត្រាមរណភាពមាតា និងទារកនិងលើកកម្ពស់គុណភាពនៃសេវាសុខភាពមាតា និងទារកក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងត្រូវចូលរួមគ្នា ធ្វើឲ្យសម្រេចនូវគោលដៅក្នុងការអនុវត្តប្រព័ន្ធMPDSR ថ្មី នៅទូទាំងប្រទេស ចាប់ពីឆ្នាំ២០២៥ នេះតទៅ។

វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយគណៈកម្មការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបថ្នាក់ជាតិ  ដោយមានការឧបត្ថម្ភពីមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA និងរដ្ឋាភិបាលអូស្ត្រាលី ក្រោមការសម្របសម្រួលពីឯកឧត្តមសាស្ត្រាចារ្យ លោកជំទាវសាស្ត្រាចារ្យលោក លោកស្រីជាគណៈកម្មការជាតិពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ដែលមានសិក្ខាកាមអញ្ជើញចូលរួមពីមន្ទីរពេទ្យខេត្តចំនួន ៥ រួមមាន ស្ទឹងត្រែងមណ្ឌលគិរី រតនគិរី សៀមរាប និងប៉ៃលិន សរុបចំនួន ៣៥រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7