ខេត្តកំពង់ចាម៖ ព្រឹកថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកវេជ្ជបណ្ឌិត ភុំ សំសុង ប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិក និងជាសមាជិក នៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ បានអញ្ជើញចូលរួមសិក្ខាសាលាចែករំលែកបទពិសោធន៍ នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាព ផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ (គ.វ.ជ)។
សិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី២១ និងទី២២ ខែតុលា ឆ្នាំ២០២៥ មានគោលបំណងនាំយកនូវបទពិសោធន៍ចែករំលែកគ្នាទៅវិញទៅមក លើការងារដឹកនាំ និងគ្រប់គ្រងមន្ទីរពេទ្យបង្អែកកម្រិត៣ ដើម្បីធ្វើជាមូលដ្ឋាន ក្នុងការពង្រឹងការគ្រប់គ្រង និងកែលម្អគុណភាពផ្តល់សេវាសាធារណៈ ផ្នែកថែទាំ និងព្យាបាលសុខភាពរបស់ប្រជាពលរដ្ឋ នៅក្នុងអង្គភាពរបស់ខ្លួន ឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាព ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញតាមរយៈវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់មន្ទីរពេទ្យបង្អែកទាំងអស់ ឱ្យដាក់ពាក្យចូលរួមការប្រកួតប្រជែងក្នុងការជ្រើសរើស អង្គភាពផ្តល់សេវាសាធារណៈគំរូនៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់សេវាសាធារណៈរបស់រដ្ឋ។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីឯកឧត្តមជាសមាជិក នៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃក្រសួងមុខងារសាធារណៈ ឯកឧត្តមអភិបាល អភិបាលរងនៃគណៈអភិបាល រាជធានី ខេត្ត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធានមន្ទីរពេទ្យបង្អែកកម្រិត១ កម្រិត២ និងកម្រិត៣ ទូទាំងប្រទេស រួមទាំងមន្ត្រីជំនាញជាច្រើនរូបផងដែរ។