សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការសង្រ្គោះបន្ទាន់ផ្នែកសម្ភព និងថែទាំទារកទើបកើត(EmONC ToT)
ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវសាស្ត្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួម និងជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការសង្រ្គោះបន្ទាន់ផ្នែកសម្ភព និងថែទាំទារកទើបកើត។
ក្នុងរយ:ពេល៥ថ្ងៃ នៃវគ្គបណ្តុះបណ្តាល សិក្ខាកាមទាំង២០រូបដែលអញ្ជើញមកពីមជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យថ្នាក់ជាតិ មន្ទីរពេទ្យថ្នាក់ក្រោមជាតិ បានបញ្ចប់ដោយជោគជ័យ ដែល
ជាលទ្ធផល៩៥% បានទទួលនូវពិន្ទុខ្ពស់ និងបានក្លាយជាគ្រូបង្គោល មានសមត្ថភាព ក្នុងការបណ្តុះបណ្តាលបន្ត ដល់សហភាតរ: នៅពេលត្រលប់ទៅអង្គភាពរបស់ខ្លួននូវចំណេះដឹងដូចជា៖
១- គរុកោសល្យ ក្នុងការបង្ហាត់បង្រៀនជំនាញឱ្យ មានគុណភាព
២- ចេះរៀបចំកិច្ចតែងការបង្រៀន ដើម្បីងាយចងចាំ
៣- អនុវត្តបង្រៀន លើប្រធានបទដែលទាក់ទងនឹងសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើតអោយមានប្រសិទ្ធភាព។
លោកជំទាវសាស្រ្តាចារ្យ រដ្ឋលេខាធិការ បានមានអនុសាសន៍ផ្តាំផ្ញើរដល់សិក្ខាកាមដែលបានក្លាយជាគ្រូបង្គោលថ្មី ត្រូវបង្កេីន ចំណេះដឹងឱ្យបានទូលំទូលាយក្នុងការបណ្តុះបណ្តាលបន្តនៅទីកន្លែងអង្គភាពរបស់ខ្លួន ទាំងចំណេះដឹងជំនាញឱ្យមានប្រសិទ្ធភាព ប្រកបដោយសមត្ថភាព ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការសង្រ្គោះមាតា និងថែទាំទារក នៅផ្នែកសម្ភព រួមទាំងជួយបណ្តុះបណ្តាលដល់ផ្នែកសេវាឯកជនផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យអត្រាមរណភាពមាតា ថយចុះតាមផែនការកំណត់នៅឆ្នាំ២០៣០ តាមទិសដៅរបស់ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី។
លោកជំទាវក៏សូមថ្លែងអំណរគុណដល់ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងអង្គការ UNFPA ដែលបង្កើតវគ្គបណ្តុះបណ្តាលនេះឡើង និងសូមថ្លែងអំណរគុណដល់ឯកឧត្តមសាស្ត្រាចារ្យ លោកជំទាវសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូដែលបានជួយសម្របសម្រួលឱ្យវគ្គបណ្តុះបណ្តាលនេះបានបញ្ចប់ដោយជោគជ័យ។