រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះទៅពិនិត្យមណ្ឌលសុខភាពចំនួន១១ (ជុំទី២) នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ។
ការចុះត្រួតពិនិត្យនេះ ធ្វើឡើងដើម្បីជួយគាំទ្រ ជំរុញ លើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាព ក្នុងការបម្រើសេវាថែទាំ និងព្យាបាលកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសមធម៌។ ក្នុងបេសកកម្មនេះក្រុមការងារបានជួបប្រជុំជាមួយថ្នាក់ដឹកនាំ មន្ទីរសុខាភិបាល ថ្នាក់ដឹកនាំ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រែកព្នៅ និងថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសែនសុខ ដោយពិនិត្យការងារសំខាន់លើ ៩ចំណុចដូចខាងក្រោម៖
១-ហេដ្ឋារចនាសម្ព័ន្ឋសុខាភិបាល ដោយកែលម្អអគារ និងស្ថានភាពបរិស្ថានជុំវិញមណ្ឌលសុខភាព
២-ធនធានមនុស្សវិស័យសុខាភិបាល ដោយពង្រឹងសមត្ថភាពបុគ្គលិក និងការគ្រប់គ្រងធនធានមនុស្ស
៣-ការគ្រប់គ្រង ការចែកចាយឱសថ និងវ៉ាក់សាំង រួមទាំងការបំពាក់សម្ភារៈ បរិក្ខារពេទ្យបនែ្ថម
៤-ការបម្រើសេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋ
៥-ការបំពេញការងារប្រចាំការ និងបម្រើសេវា ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍
៦-ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺពិសេសមធ្យោបាយសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង
៧-ជំរុញលើកកម្ពស់លើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបានសន្តិសុខ និងសុវត្ថិភាព
៨-ជំរុញមណ្ឌលសុខភាព ឱ្យមានវិវត្តន៍កាន់តែល្អ
៩-ការបណ្ដុះបណ្ដាលបន្ថែមលើការងារបច្ចេកទេស និងប្រព័ន្ធឌីជីថល។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរង ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខ ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
សូមបញ្ជាក់ផងដែរថា មណ្ឌលសុខភាពទាំង១១ ទីតាំងដែលបានចុះពិនិត្យមានដូចជា មណ្ឌលសុខភាពពោធិ៍មង្គល, សំរោង, ពញាពន់, ពន្សាំង និងគោករកា ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រែកព្នៅ និងមណ្ឌលសុខភាពអន្លង់ក្ងាន, ឱកាសខ្ញុំ, ឃ្មួញ, ក្រាំងធ្នង់, ភ្នំពេញថ្មី និងទឹកថ្លា ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសែនសុខ។