Cambodia
ព័ត៌មានលំអិត

Image
ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ
ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២៥

ខេត្តសៀមរាប៖ ថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារគ្រូបង្គោលថ្នាក់ជាតិ ពង្រឹងសមត្ថភាពសង្គ្រោះបន្ទាន់ បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដើម្បីពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យ និងបុគ្គលិកដែលបម្រើការងារនៅផ្នែកសង្រ្គោះបន្ទាន់ និងប្រព័ន្ធបញ្ជូននៅតាមមន្ទីរពេទ្យ និងដើម្បីបណ្តុះបណ្តាលបន្ត ពីវិធីសង្គ្រោះបឋម និងប្រព័ន្ធបញ្ជូន ទៅដល់បុគ្គលិកសុខាភិបាលដែលបម្រើការងារនៅតាមមណ្ឌលសុខភាព។ 

ជាមួយគ្នានេះផងដែរ ឯកឧត្តមវេជ្ជបណ្ឌិតរដ្ឋលេខាធិការ ក៏បានផ្តល់ជាអនុសាសន៍ណែនាំមួយចំនួន និងចែករំលែកបទពិសោធន៍ ពីក្រុមគ្រូបង្គោលថ្នាក់ជាតិ ដែលមកពីផ្នែកសង្រ្គោះបន្ទាន់ របស់មន្ទីរពេទ្យជាតិ ព្រមទាំងផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ក្រោយពេលបញ្ជប់វគ្គបណ្តុះបណ្តាលនេះ ត្រលប់ទៅបំពេញការងារនៅតាមមន្ទីរពេទ្យរបស់ខ្លួនវិញ ខិតខំយកចិត្តទុកដាក់បំពេញការងារ ឱ្យបានកាន់តែល្អប្រសើជាងមុន និងធ្វើការចែករំលែកនូវចំណេះដឹងទាំងនេះ ទៅដល់គិលានុបដ្ឋាក និងគ្រូពេទ្យ ដែលបម្រើការងារនៅក្នុងមន្ទីរពេទ្យជាមួយគ្នា ក្នុងគោលបំណងជួយគ្នាក្នុងការបម្រើសេវាសង្គ្រោះបន្ទាន់នេះ ឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសត្រូវបំពេញភារកិច្ចក្នុងនាមជាបុគ្គលិកសុខាភិបាល ដែលមានក្រមសីលធម៍វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ដោយធ្វើបទបង្ហាញទ្រឹស្តីចំនួន ៣ថ្ងៃ និងការចុះអនុវត្តផ្ទាល់ នៅផ្នែកសង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូនរបស់មន្ទីរពេទ្យខេត្តចំនួន២ថ្ងៃ និងមានការអញ្ជើញចូលរួមពី នាយកដ្ឋានមន្ទីរពេទ្យ លោកអនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប អនុប្រធានមន្ទីរពេទ្យខេត្តសៀមរាប ក្រុមគ្រូបង្គោលថ្នាក់ជាតិ និងក្រុមសម្របសម្រួលពីការិយាល័យគិលានុបដ្ឋាក និងឆ្មប និងសិក្ខាកាមចូលរួមសរុបចំនួន ៤២រូប មកពីមន្ទីរពេទ្យបង្អែកខេត្ត និងស្រុក ក្នុងខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តសៀមរាប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7