រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ឆ្នាំ២០២៥ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា នៃមន្ទីរពេទ្យព្រះអង្គឌួង លើកទី២ ឆ្នាំ២០២៥ អាណត្តិទី២។
ប្រជុំនេះ មានរបៀបវារៈដូចខាងក្រោម៖
១-សំណើសុំពិនិត្យ និងអនុម័តលើរបាយការណ៍ចំណូលចំណាយប្រចាំឆមាសទី១ និងត្រីមាសទី៣ ឆ្នាំ២០២៥
២-សំណើសុំពិនិត្យ និងអនុម័តលើរបាយការណ៍អនុវត្តកិច្ចលទ្ធកម្មសាធារណៈ
ប្រចាំឆមាសទី១ និងត្រីមាសទី៣ ឆ្នាំ២០២៥
៣-សំណើសុំពិនិត្យ និងអនុម័តលើរបាយការណ៍សមិទ្ធកម្មតាមកម្មវិធី អនុកម្ម
វិធី ចង្កោមសកម្មភាព ប្រចាំឆមាសទី១ ឆ្នាំ២០២៥។
ជាកិច្ចចាប់ផ្តើម លោកជំទាវសាស្ត្រាចារ្យ បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់សមាជិក សមាជិកាទាំងអស់ដែលមានវត្តមាន និងបានអនុញ្ញាតឱ្យ លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង ជម្រាបអង្គប្រជុំនូវរបៀបវារៈខាងលើ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត។
លោកជំទាវសាស្ត្រាចារ្យ បានពាំនាំអនុសាសន៍របស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យព្រះអង្គឌួង បន្តយកចិត្តទុកដាក់ និងលើកកម្ពស់គុណភាពសេវា ការព្យាបាល និងការថែទាំឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវសាស្រ្តាចារ្យ ក៏បានផ្តល់នូវអនុសាសន៍បន្ថែមរួមមាន៖
-ផ្តល់ការជឿទុកចិត្ត ដោយត្រូវធ្វើយ៉ាងឱ្យអ្នកជំងឺជឿជាក់លើការបម្រើសេវារបស់គ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យ ដោយសង្កត់ធ្ងន់លើសីលធម៌វិជ្ជាជីវៈ ការអនុវត្តដោយភាពស្មោះត្រង់ និងភាពទទួលខុសត្រូវខ្ពស់ ការបង្កើតទំនាក់ទំនងល្អជាមួយអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ តាមរយៈការស្តាប់ និងពន្យល់ច្បាស់លាស់ និងការថែទាំ
-គុណភាពនៃការថែទាំអ្នកជំងឺ ត្រូវបន្តលើកកម្ពស់គុណភាពសេវាសុខាភិបាលតាមរយៈការបណ្តុះបណ្តាលបន្ត ដល់បុគ្គលិកឱ្យមានចំណេះដឹង បច្ចេកទេស និងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវធានាថាការថែទាំអ្នកជំងឺ ការតាមដានបន្ត និងការផ្ទេរព័ត៌មានបន្តឱ្យបានជាក់លាក់
-សុវត្ថិភាពអ្នកជំងឺ មន្ទីរពេទ្យត្រូវអនុវត្តយ៉ាងម៉ត់ចត់នូវវិធានសុវត្ថិភាពអ្នកជំងឺគ្រប់ជំហាននៃការថែទាំ ដោយផ្តោតលើការការពារ ការផ្តល់ឱសថឱ្យបានត្រឹមត្រូវ (7 rights) ការការពារការចម្លងរោគ (IPC) និងកាត់បន្ថយហានិភ័យនានាដែលអាចកើតឡើងក្នុងដំណើរការព្យាបាល។