រាជធានីភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃព្រហស្បត៍ ទី ២៣ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារសុខាភិបាលចូលរួមក្នុង “កិច្ចប្រជុំអន្តរក្រសួង ស្តីពីការអនុវត្តគម្រោង នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡាងឆាង ឆ្នាំ២០២៥ " នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នារាជធានីភ្នំពេញ ។
កិច្ចប្រជុំ បានដំណើរការពេញមួយរសៀល ដោយរលូន និងប្រកបដោយផ្លែផ្កា ក្រោមអធិបតីភាព ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជានាយកគ្រប់គ្រងគម្រោង នៃមូលនិធិពិសេស កិច្ចសហប្រតិបត្តការ មេគង្គ-ឡាងឆាង ។
កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើ ការបង្ហាញពីវឌ្ឍភាពនៃការអនុវត្តគម្រោងស្ថិតនៅក្រោមមូលនិធិពិសេសមេគង្គ-ឡាងឆាង ព្រមទាំង ការផ្សព្វផ្សាយ និងពិភាក្សាពីចំណុចសំខាន់ៗ រួមទាំង SOP ទាក់ទិននឹងការត្រៀម និងរៀបចំចាប់ផ្តើមអនុវត្តគំរោងចំនួន១១ ដែលទើបទទួលបានការឯកភាពផ្តល់ហិរញ្ញប្បទានដល់គម្រោង ហើយដែលគម្រោងសម្រាប់ឆ្នាំ ២០២៥ ទាំងនេះ គ្របដណ្តប់លើវិស័យនានា មានជាអាទ៌វិស័យសុខាភិបាល អប់រំ កសិកម្ម ជលផល ទេសចរណ៍ វប្បធម៌ ពត័មាន ការងារ និងបណ្តុះបណ្តាល ជាដើម។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងនៃក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងការអនុវត្តគំរោងទាំង១១ ព្រមទាំង ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ និង មន្ត្រីពាក់ព័ន្ធ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងអ្នកពាក់ព័ន្ធចូលរួមទាំងអស់សរុបមាន ចំនួន ៣៤ រូប។