Cambodia
ព័ត៌មានលំអិត

Image
ពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការស្រាវជ្រាវមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប សម្រាប់ថ្នាក់ខេត្ត
ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប (MPDSR) បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល សម្រាប់ថ្នាក់ខេត្តលើកទី៣ ស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប។

តាមរយៈរបាយការណ៍ នៃវគ្គបណ្តុះបណ្តាល បង្ហាញថាសិក្ខាកាម ដែលអញ្ជើញមកពីមន្ទីរសុខាភិបាល និងមន្ទីរពេទ្យខេត្តទាំង៥ បានខិតខំ និងចូលរួមយ៉ាងសកម្ម រហូតទទួលបានលទ្ធផលល្អប្រសើរជាទីពេញចិត្ត។ ជាលទ្ធផលជាក់ស្តែង នៃការវាស់ស្ទង់សមត្ថភាពមុន និងក្រោយការសិក្សា បង្ហាញពីលទ្ធផលល្អគួឱ្យកត់សម្គាល់ ពោលគឺពីពិន្ទុមធ្យម ៦៧.៥% (មុនការសិក្សា) រហូតដល់ ៩៥% (ក្រោយការសិក្សា)។

ក្នុងពិធីបិទ វគ្គបណ្តុះបណ្តាលនេះ លោកជំទាវសាស្រ្តាចារ្យ បានផ្តល់នូវអនុសាសន៍សំខាន់ៗមួយចំនួនរួមមាន៖ ១-ត្រូវរៀបចំគណៈកម្មការ MPDSR ថ្នាក់ខេត្ត ថ្នាក់មន្ទីរពេទ្យខេត្ត និងថ្នាក់មន្ទីរពេទ្យស្រុក ដោយអនុលោមតាមពិធីសារជាតិ ស្ទីពីការពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប ឆ្នាំ២០២៥ ២-ត្រូវរៀបចំការបណ្តុះបណ្តាលបន្ត តាមផែនការដែលបានធ្វើរួច ដល់មន្រ្តីក្នុងមន្ទីរពេទ្យ និងមណ្ឌលសុខភាព ៣-ពង្រឹងការពិនិត្យរាល់ករណីមរណភាពមាតា  និងទារក ដោយប្រើទម្រង់ទាំង៣ និងត្រូវផ្ញើរបាយការណ៍មកកាន់លេខាធិការដ្ឋាន ឱ្យទាន់ពេលវេលា ៤-ក្រុមការងារត្រូវធ្វើការជាមួយគ្នា កិច្ចសហការគ្នាឱ្យបានល្អ រវាងផ្នែកពាក់ព័ន្ធ (ផ្នែកសម្ភព ផ្នែកប្រពោធនកម្មទារក ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកថ្នាំសណ្តំ ផ្នែកកែលម្អរគុណភាព របស់មន្ទីរពេទ្យ និងផ្នែកសុខភាពមាតាទារក របស់មន្ទីរសុខាភិបាល ) ៥-គ្រូបង្គោលបណ្តុះបណ្តាលថ្នាក់ជាតិ ត្រូវបន្តបណ្តុះបណ្តាល ដល់គណៈកម្មការថ្នាក់ខេត្ត និងជួយគាំទ្រដល់គ្រូបង្គោលថ្នាក់មន្ទីរពេទ្យជាតិ ក្នុងការបណ្តុះបណ្តាលដល់មន្ទីរពេទ្យខេត្តសម័្ពនមេត្រី និង៦-សកម្មភាព MPDSR ជាគោលការណ៍លើកកម្ពស់គុណភាព នៅមូលដ្ឋានសុខាភិបាល និងការលើកកម្ពស់សុវត្ថិភាពស្ត្រី ទារក និងកុមារ ដែលទាមទារអោយមានការរៀបចំផែនការឆ្លើយតបឱ្យស្របទៅបញ្ហាជាក់ស្តែងដែលបានរកឃើញ និងប្រកបគណនេយ្យភាព។

 វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយគណៈកម្មការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបថ្នាក់ជាតិ ដោយមានការឧបត្ថម្ភពី មូលនិធិសហប្រជាជាតិ សម្រាប់ប្រជាជន UNFPA និងរដ្ឋាភិបាលអូស្ត្រាលី ក្រោមការសម្របសម្រួលពី ឯកឧត្តមសាស្ត្រាចារ្យ លោកជំទាវសាស្ត្រាចារ្យ លោក លោកស្រី ជាគណៈកម្មការជាតិ ពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប ដោយមានសិក្ខាកាមអញ្ជើញចូលរួមពី មន្ទីរពេទ្យខេត្តស្ទឹងត្រែង, មណ្ឌលគិរី, រតនគិរី, សៀមរាប និងប៉ៃលិន។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16