ខេត្តក្រចេះ៖ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ លោកបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកចំនួន០៤ នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តក្រចេះ។
ឯកឧត្តមបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល និងសម្តែងនូវការកោតសរសើរ ដល់ការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល នៃរដ្ឋបាលខេត្តក្រចេះ ដែលបានលះបង់ខ្ពស់ ក្នុងការងារបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ។
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបម្រើសេវា ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ និងស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា កម្មវិធីគោលនយោបាយ អាទិភាពទាំង៦ នៃវិស័យសុខាភិបាល ស្ថិតនៅក្នុងកម្មវិធីទី១ គឺការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្ដប់សុខភាពជាសកល។ អនុវត្តតាមយុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយអាទិភាពនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានរៀបចំក្រុមការងារចុះពង្រឹងគុណភាពសេវាសុខាភិបាល ថ្នាក់មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក រហូតដល់មណ្ឌលសុខភាព និងបុស្ដិ៍សុខភាព ។
សូមបញ្ជាក់ថា បេសកកម្មនេះ ក្រុមការងារបានចុះទៅពិនិត្យ នៅមន្ទីរពេទ្យបង្អែកឆ្លូង មន្ទីរពេទ្យបង្អែកព្រែកប្រសព្វ មន្ទីរពេទ្យបង្អែកស្នួល និងមន្ទីរពេទ្យបង្អែកសំបូរ ក្នុងខេត្តក្រចេះ។