រាជធានីភ្នំពេញ៖ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ (ក.គ.ជ) បានអញ្ជើញចូលរួមជាអធិបតី ក្នុងមហាសន្និបាត របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យភូមិភាគ១ អាណត្តិ ៦ឆ្នាំ លើកទី៤ ដែលរៀបចំឡើងនៅសណ្ឋាគារភ្នំពេញ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យ បានធ្វើការរំលឹកពីតួនាទីភារកិច្ចសំខាន់ៗ របស់គណៈគ្រូពេទ្យ ដែលត្រូវគ្រប់គ្រងគ្រូពេទ្យទាំងអស់ ឱ្យបានល្អប្រសើរប្រកបដោយគុណវុឌ្ឍ សមត្ថភាព និងសម្បទាវិជ្ជាជីវៈពេញលេញ ដើម្បីធានានិរន្តរភាព ភាពរីកចំរើនឡើងជាលំដាប់ ប្រកបដោយកិត្តិយស និងការពេញចិត្តពីប្រជាពលរដ្ឋយើង។ គ្រូពេទ្យទាំងអស់ ដែលបម្រើសេវាសុខាភិបាល ទាំងសាធារណៈ និងឯកជនត្រូវតែចុះបញ្ជី និងមានអាជ្ញាបណ្ណ ដែលមានសុពលភាព ត្រូវស្វែងរកការបណ្តុះបណ្តាលបន្តចំណេះជំនាញថ្មីៗ អនុវត្តការងារ ដោយយកគោលការណ៍ក្រមសីលធម៌ជាសំខាន់ មានភាពស្មោះត្រង់នឹងវិជ្ជាជីវៈ មានទំនួលខុសត្រូវខ្ពស់ យល់ចិត្ត និងអាណិតអាសូរដល់អ្នកជំងឺទាំងអស់។
ការបោះឆ្នោតជ្រើសរើសសមាសភាពថ្មី នៃក្រុមប្រឹក្សាគណៈគ្រូពេទ្យភូមិភាគ១ បានប្រព្រឹត្តទៅដោយរលូន មានសមាជិកពេញសិទ្ធិចំនួន ៥រូប។ ក្នុងនៅដែរ លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន ដែលជាប់ជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យភូមិភាគ១ថ្មី បានឡើងធ្វើការប្តេជ្ញាចិត្ត អនុវត្តតួនាទីនេះឱ្យបានល្អប្រសើរ។
ក្នុងមហាសន្និបាតនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការ ក.គ.ជ អនុប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ក្រុមប្រឹក្សាគណៈគ្រូពេទ្យភូមិភាគ ដែលផុតអាណត្តិ លោក លោកស្រីតំណាង គណៈឱសថការី គណៈទន្តពេទ្យ គណៈគិលានុបដ្ឋាក គណៈឆ្មប សរុបចំនួន ៤៩រូប។