រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និសីទ ប្រចាំឆ្នាំ២០២៥ របស់សមាគមសល្យសាស្ត្រប្រព័ន្ធប្រសាទកម្ពុជា ក្រោមប្រធានបទ «អភិវឌ្ឍន៍ការព្យាបាល អ្នកជំងឺប្រព័ន្ធប្រសាទខួរក្បាល និងឆ្អឹងខ្នងឱ្យកាន់តែទំនើប ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា» រៀបចំនៅសណ្ឋាគារ Fairfield by Marriott Phnom Penh។
សន្និសីទនេះមានគោលបំណងបង្កើនចំណេះដឹងថ្មីៗ និងផ្លាស់ប្តូរបទពិសោធន៍ ជូនដល់សិក្ខាកាម និងវេជ្ជបណ្ឌិត ដែលអញ្ជើញមកពីមន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរពេទ្យបង្អែក ដើម្បីឈានទៅរក ការលើកម្ពស់គុណភាពក្នុងការព្យាបាល ថែទាំអ្នកជំងឺ ដែលមានបញ្ហាខួរក្បាល និងឆ្អឹងខ្នង ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដូចបណ្តាប្រទេសជឿនលឿនលើពិភពលោក។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ដល់សមាគមសល្យសាស្ត្រប្រព័ន្ធប្រាសាទកម្ពុជា ដែលបានរៀបចំនូវសន្និសីទនេះឡើង និងលើកទឹកចិត្តដល់សមាគម ឱ្យបន្តរៀបចំការងារនេះឱ្យបានញឹកញាប់ និងមាននិរន្តរភាព ដែលជាការងារបណ្តុះបណ្តាលបន្ត ដើម្បីពង្រឹងនូវសមត្ថភាពគ្រូពេទ្យក្នុងជំនាញនេះ ក្នុងគោលបំណងផ្តល់ការព្យាបាលអ្នកជំងឺកាន់តែមានប្រសិទ្ធភាពខ្ពស់ជាលំដាប់។
ឯកឧត្តមសាស្ត្រាចារ្យក៏បានបន្ថែមទៀតថា ដើម្បីបម្រើសេវាបានប្រសើរ គ្រូពេទ្យមិនត្រឹមតែមានសមត្ថភាពមួយមុខទេ ចាំបាច់ត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ ស្របគ្នាជាមួយនឹងសមត្ថភាពផងដែរ និងដើម្បីបង្កើននូវទំនុកចិត្តដល់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ផងដែរថា សិក្ខាសាលានេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី វេជ្ជបណ្ឌិត តំណាងមន្ទីរពេទ្យជាតិ មន្ទីរពេទ្យខេត្ត សមាគម គ្លីនិកឯកជន ក្រុមហ៊ុនឱសថជាតិ អន្តរជាតិ និងភ្ញៀវជាតិ អន្តរជាតិ សរុបប្រមាណ ១០០រូប។