រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្ដ្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកមហាសន្និបាតលើកទី២០ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្ត របស់សមាគមគ្រូពេទ្យកម្ពុជា ផ្នែកប្រដាប់រំលាយអាហារក្រោមមូលបទ៖ «វិធីសាស្ត្រទំនើប ក្នុងការព្យាបាលជំងឺក្រពះ ពោះវៀន និងថ្លើម» នៅសណ្ឋាគារភ្នំពេញ។
ក្នុងពិធីនេះ ឯកឧត្តមសាស្ដ្រាចារ្យ បានថ្លែងបញ្ជាក់ថា គ្រូពេទ្យត្រូវពង្រឹងបន្ថែម នូវអ្វីដែលជាក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ពេទ្យ ពង្រឹងភាពជាអ្នកមានវិជ្ជាជីវៈ ក្នុងវិស័យសុខាភិបាល មិនមែនគិតតែពីការព្យាបាល និងធ្វើរោគវិនិច្ឆ័យ ដើម្បីព្យាបាលអ្នកជំងឺនោះទេ ការសិក្សាបន្ត និងការរំលឹកឡើងវិញជាប្រចាំ គឺជាការតព្វកិច្ចរបស់គ្រូពេទ្យគ្រប់រូប ដើម្បីធ្វើការព្យាបាលជំងឺ ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្នុងអាណត្តិបច្ចុប្បន្ន ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ក៏ដូចជារាជធានី ខេត្ត ទាំងអស់ កំពុងតែខិតខំផ្សព្វផ្សាយរំលឹកឡើងវិញ នូវច្បាប់ទម្លាប់ នៃអ្នកប្រកបវិជ្ជាជីវៈ ក្នុងវិស័យសុខាភិបាល និងពង្រឹងនូវក្រមសីលធម៌វិជ្ជាជីវៈ។
ឯកឧត្តមសាស្រ្តាចារ្យ បានបន្ថែមថាក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ខ្លាំងណាស់ ទៅលើការព្យាបាលរបស់គ្រូពេទ្យ ជូនអ្នកជំងឺ ប្រកបដោយមានគុណភាព និងសុវត្តិភាពខ្ពស់។ ឯកឧត្តមសាស្រ្តាចារ្យ បានវាយតម្លៃខ្ពស់ ចំពោះសមាគមគ្រូពេទ្យកម្ពុជា ផ្នែកប្រដាប់រំលាយអាហារ ដែលបានរៀបចំសន្និបាទប្រចាំឆ្នាំ និងអនុវត្តន៍វិជ្ជាជីវៈបន្តនេះ និងបានលើកទឹកចិត្ត ឱ្យសមាគមរៀបចំការអនុវត្តន៍វិជ្ជាជីវៈបន្តនេះ ឱ្យបានច្រើនដង ដើម្បីធ្វើការចែករំលែកចំណេះដឹង ដល់សមាជិក សមាជិកា ឱ្យបានកាន់តែច្រើនបន្ថែមទៀត។
សមាគមគ្រូពេទ្យកម្ពុជា ផ្នែកប្រដាប់រំលាយអាហារ ត្រូវបានផ្តួចផ្តើមគំនិតបង្កើតឡើងដោយក្រុមគ្រូពេទ្យ ផ្នែកប្រដាប់រំលាយអាហារ (ថ្លើម ក្រពះ ពោះវៀន) នៃប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩៨ មក សមាគមនេះ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកឯកទេស ប្រដាប់រំលាយអាហារ តាមរយៈការចូលរួម ការចែករំលែក ដោយផ្សារភ្ជាប់ការអនុវត្តន៍ របស់គ្រូពេទ្យកម្ពុជា ទៅនឹងការរីកចម្រើននៃវិទ្យាសាស្ត្រ បង្កើតទំនាក់ទំនងផ្នែកវិទ្យាសាស្ត្រ សហភាតរៈ រវាងគ្រូពេទ្យក្នុងប្រទេសទាំងអស់ ដែលបម្រើការងារនៅក្នុងផ្នែកនេះ ក៏ដូចជាផ្នែកឯកទេសផ្សេងៗ រួមសហការជាមួយស្ថាប័ននានា នៃរាជរដ្ឋាភិបាល និងអាជ្ញាធរសាធារណៈផងដែរ។