សិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី
ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២៤
មណ្ឌលគីរី៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាខេត្តមណ្ឌលគិរី ឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងលោកវេវជ្ជបណ្ឌិត ភុំ សំសុង ប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិក បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី មានរយៈពេល១ថ្ងៃពេញ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន ប្រធានមន្ទីរមុខងារសាធារណៈ និងមន្ត្រីជំនាញផ្សេងៗទៀត មកពីគ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ សរុបមានចំនួន ៤៥០រូប។
សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសកែលម្អរប្រព័ន្ធជ្រើសរើសមន្ត្រី ក្នុងពិធីបើក និងដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី។
សិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី រៀបចំដោយក្រសួងមុខងារសាធារណៈ ក្នុងគោលបំណងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី រួមមាន (១)ព្រះរាជក្រឹត្យស្តីពីគោលការណ៍រួមនៃការជ្រើសរើសនិងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារនិងលិខិតបទដ្ឋានគតិយុត្តគាំទ្រការអនុវត្ត (២)អនុក្រឹត្យស្តីពីការដាក់ឱ្យប្រើប្រាស់និយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែកជ្រើសរើសមន្ត្រីរាជការស៊ីវិល (៣)ការកំណត់មុខតំណែងនិងការពិពណ៌នាមុខតំណែង រួមទាំងមានវេទិការសំណួរចម្លើយ ដើម្បីបានភាពច្បាស់លាស់ក្នុងការអនុវត្តការងារ។